ខេត្តត្បូងឃ្មុំ៖ បុរសចិត្តព្រៃផ្សៃម្នាក់ បានដាច់ចិត្តលើកដៃវាយទាត់ធាក់និងវាយបំបាក់ក សំលាប់ប្រពន្ធស្លាប់យ៉ាងវេទនាបំផុតចោលកូនប្រុសអាយុ៥ឆ្នាំ ដោយសារតែប្រពន្ធស្តីបន្ទោសបន្តិចបន្តួចរឿងហៅគេមកផឹកសីុមិនចេះគិត ក៏ព្រោះខ្លួនមានជីវភាពក្រ។
ហេតុការណ៍ដ៏ព្រៃផ្សៃនិងសោកសង្រេងនេះកើតឡើងកាលវេលាម៉ោង២,០០នាទីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥ជាថ្ងៃឆ្លងភ្ជុំ នៅលើផ្ទះឈ្មោះ លឹម ស៊ុនលី ក្នុងភូមិជើងខាល ឃុំមង់រៀវ ស្រុក-ខេត្តត្បូងឃ្មុំ។
សម្មត្ថកិច្ចបានឲដឹងថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ អ៊ុក សីហា អាយុ២៧ មានមុខរបរជាកម្មករលាងចាននៅហាងលក់បាយនិងមានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នមករស់នៅជាមួយប្តីក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកឃាតករជាប្តីមានឈ្មោះ ឆេង វុត្ថាហៅត្រេន អាយុ២៧ឆ្នាំ មានមុខរបរកម្មកររោងចក្រកិនដំឡូងមី មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពពត៍មានជុំវិញកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុជនល្មើសជាប្តីបាននាំមិត្តភក្រ័បងប្អូន ប្រុសស្រី ដោយមានគ្នាជាង១០នាក់មកផឹកសីុរាំរែក នៅកន្លែងកើតហេតុ អស់ស្រាបៀរចំនួន៣កេស ក្រោយផឹកសីុចប់ភ្ងៀវបានចាកចេញអស់ ជនរងគ្រោះជាប្រពន្ធបានស្តីបន្ទោសប្តី ពីរឿងខ្លួនក្រ ហើយចំណាយលុយក្នុងការផឹកសីុមិនគិតកូនប្រពន្ធ ពេលនោះប្តីខឹងក៏វាយប្រពន្ធរហូតដល់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
សម្មត្ថកិច្ចមូលដ្ឋានបានឲដឹងថា តាមការពិនិត្យស្លាកស្នាមជនរងគ្រោះរបស់ផ្នែកបច្ចេកទេស ជនរងគ្រោះស្លាប់មានស្លាកស្នាម ជាំហើមលើផ្ទៃមុខ ជាំភ្នែកឆ្វេងស្តាំនិងបាក់ឆ្អឹងក ហើយក្រោយពិនិត្យរួចសាកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើរបុណ្បតាមប្រពៃណី។
ចំណែកជនល្មើសជាប្តីត្រូវបានសម្មត្ថកិច្ចចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕វណ្ណះ