ក្នុងឱកាសនៃការស្នាក់អាស្រ័យ អញ្ជើញបំពេញទស្សនកិច្ចការងារនៅទីក្រុងម៉ាកាវ នៃសាធារណរដ្ឋ ប្រជាមានិតចិន ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោកម៉ាកាវលើកទី៤ ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Li Jinzao ប្រធានរដ្ឋបាលទេសចរណ៍ជាតិចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។
ក្នុងជំនួប ពិភាក្សាដ៏មានសារៈសំខាន់នោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក Li Jinzao បានធ្វើការពិភាក្សា យ៉ាងយកចិត្តទុកដាក់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៃប្រទេសទាំងពីរកម្ពុជា ចិន ឲ្យកាន់តែមានសក្តានុពលខ្លាំងឡើងថែមទៀត ពិសេសការខិតខំរិៈរកវិធីក្នុងការជំរុញអ្នកទេសចរណ៍ចិន មកធ្វើដំណើរទេសចរណ៍ក្នុងប្រទេសកម្ពុជា ឲ្យមានការកើនឡើងរហូតដល់១លាននាក់ នៅក្នុងពេលដ៏ ខ្លីខាងមុខ។ ក្នុងជំនួបពិភាគ្នានោះ ឯកឧត្តម Li Jinzao មានប្រសាសន៍សុំយោបល់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ធ្វើយ៉ាងក្នុងការជំរុញកមណើនទេសចរណ៍សម្រាប់ប្រទេសទាំងពីរ ឲ្យកាន់តែមានសក្តានុពលខ្ពស់ ថែមទៀត ។
ទាក់ទិនទៅនឹងបញ្ហានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ស្នើដល់លោកប្រធាន ធ្វើយ៉ាងណាបន្តជួយជំរុញឲ្យមានការកើនឡើង នៃចំនួនភ្ញៀវទេសចរណ៍ចិនមកកាន់ប្រទេសកម្ពុជា ឲ្យមាន ការកើនឡើងរហូតដល់១លាន៣សែននាក់ ពោលគឺរក្សាកំណើនត្រឹមតែ០,០១% នៃចំនួនប្រជាជនចិនសរុប ក្នុងការធ្វើដំណើរទៅបំពេញទស្សនកិច្ចទេសចរណ៍នៅកម្ពុជា។ សម្តេចតេជោបន្តថា ក្នុងឆ្នាំ២០១៤ កន្លងទៅចំនួនទេសចរណ៍ចិនដែលធ្វើដំណើរទេសចរណ៍នៅកម្ពុជាមានចំនួន ៥៦ម៉ឺននាក់ ដោយមិនរាប់បញ្ចូលនូវអ្នាកទេសចរណ៍មកពីម៉ាកាវ និងកោះតែវ៉ាន់នោះទេ ។
សម្តេចបន្តថា តាមការប្រម៉ើលមើលទៅមុខទៀតនោះ ពោលគឺក្នុងឆ្នាំ២០១៥នេះចំនួនភ្ញៀវទេសចរណ៍ចិន នឹងមានការកើនឡើងរហូតដល់ ៧០ម៉ឺននាក់។ សម្តេចតេជោមានប្រសាសន៍បន្តថា សម្តេចធ្លាប់បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំចិនជាច្រើន ក្នុងនោះកម្ពុជាផ្តល់នូវភាពងាយស្រួលយ៉ាងច្រើនដល់អ្នកទេសចរណ៍ចិន ក្នុងការធ្វើដំណើរ ទេសចរណ៍ក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជាការផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ ប្រាក់យ័នលើទីផ្សារកម្ពុជា និងការចំហរឲ្យមានការហោះហើរត្រង់ពីគ្រប់ទីកន្លែងទាំងអស់របស់ប្រទេសចិន មកកាន់ប្រ ទេសកម្ពុជា ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពង់ពិនិត្យលទ្ធភាព ក្នុងការបើកកុងស៊ុលនៅតាមតំបន់ដែលមានភ្ញៀវទេសចរណ៍ និងតំបន់ដែលមានការហោះហើរត្រង់ក្នុងប្រទេសចិនបន្ថែមទៀត ក្នុងការជំរុញភ្ញៀវទេសចរណ៍មកកាន់កម្ពុជានោះ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់ទិដ្ឋការដល់អ្នកទេសចរណ៍ចិន។ សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា កម្ពុជាបច្ចុប្បន្ន នេះ មានភាពអំណោយផលខ្លាំងណាស់ចំពោះអ្នកទេសចរណ៍ចិន តួយ៉ាងដូចមានសាលាបណ្តុះបណ្តាល ភាសាចិន និងមានភោជនីយដ្ឋានចិនជាច្រើនកន្លែង ។
លោក Li Jinzao មានប្រសាសន៍ថា ចំនួនទេចរណ៍ចិន១លាននាក់មិនមានអ្វីជាបញ្ហានោះទេ ប៉ុន្តែឯកឧត្តមនឹងខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈមនានា តាមរយៈការជួយបណ្តុះបណ្តាលមន្រ្តីកម្ពុជា ពិសេសការកសាងសមត្ថភាពដល់មន្រ្តី ជាមួយគ្នានេះលោកនឹងខិតខំជំរុញយ៉ាងណា ឪ្យវិស័យទេសចរណ៍មានភាពល្អប្រសើរ ផ្តល់នូវផលប្រយោជន៍ពីគ្នាទៅវិញទៅមក និងមិនអនុញ្ញាតឲ្យអ្នកទេសចរណ៍ចិន ធ្វើ នូវអ្វីដែលខុសច្បាប់របស់កម្ពុជានោះឡើយ ៕