ភ្នំពេញ៖ បុរសអនាថា និងមានសតិមិនគ្រប់ម្នាក់ ដែលបានផ្ញើវាសនាក្នុងវត្តគោកខ្សាច់ មានជំងឺឈឺរ៉ាំរ៉ៃយូរមកហើយបានដេកស្លាប់ នៅលើខឿនព្រះវិហារនាវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ខែតុលាឆ្នាំ២០១៥ ដែលវត្តនេះស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ចំថ្ងៃដែល អ្នកមានជំនឿខ្លះអះអាងថាជាថ្ងៃជូនដំណើរពួកប្រេតទៅឋាននរកវិញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ជនអនាថារូបនេះមានឈ្មោះ សុខ ភេទប្រុស អាយុ៥៦ឆ្នាំ មានសតិមិនប្រក្រតី ដែលផ្ញើខ្លួនប្រាណ រស់ដោយពឹងផ្អែកលើព្រះសង្ឃ ក្នុងវត្តខាងលើ រយៈពេលជាង២០ឆ្នាំមកហើយ។ គាត់មានកូន២នាក់ នៅឯស្រុកកំណើតភូមិភ្នំពើ ឃុំព្រៃរំដេង ស្រុកគីរីវង្ស ខេត្តតាកែវ តែកូនៗមិនរវីរវល់នឹងគាត់ឡើយ ។
តាមកូនសិស្សលោកម្នាក់រស់នៅ ក្នុងវត្តគោកខ្សាច់ បានឱ្យដឹងថា ជនរងគ្រោះ មានជំងឺរ៉ាំរ៉ៃច្រើនខែកន្លងមកហើយ ។ លុះមកដល់ថ្ងៃកើតហេតុ ខណៈដែល មនុស្សម្នាក់ ចេញចូលវត្ត នាថ្ងៃបុណ្យភ្ជុំបិណ្ឌជនរងគ្រោះ បានទៅដេកសំងំ ទាំងខ្លួនក្តៅរងា នៅលើខឿនព្រះវិហារតែម្នាក់ឯង រហូតមកដល់ យប់ថ្ងៃកើតហេតុ វេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ស្រាប់តែ ជនរងគ្រោះត្រដរខ្យល់ស្លាប់បាត់បង់ជីវិតតែម្តង។ ក្រោយមកទើបគេ រាយការណ៍ប្រាប់លោកអាចារ្យ និងព្រះសង្ឃឲ្យបានដឹងនិង រហូតដល់ព្រឹកឡើងវេលាម៉ោង៦ ទើបភ្ញាក់ផ្អើល ដល់ពលរដ្ឋ និងសមត្ថកិច្ចចុះទៅពិនិត្យមើលជាក់ស្តែង ។
បន្ទាប់មកទើបសមត្ថកិច្ចជំនាញ របស់នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅធ្វើការពិនិត្យនិងកោសល្យវិច័យឃើញថា ជនអនាថារូបនេះ ស្លាប់ដោយសារជំងឺរ៉ាំរ៉ៃក៏ប្រគល់សពឱ្យគណកម្មាធិការវត្ត និងព្រះសង្ឃ ក្នុងវត្តនេះរៀបចំធ្វើបុណ្យតាមប្រពៃណី ក្នុងវត្តគោកខ្សាច់នោះតែម្តងទៅ ៕
ដោយ៖ ប្រាថ្នា