ភ្នំពេញ៖ «បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមជាទីគោរពស្រឡាញ់ ខ្ញុំសូមផ្ញើនូវសេចក្តីនឹករព្ញក និង ជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម នៅក្នុងឱកាសចូលឆ្នាំថ្មី នាថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៥ គឺត្រូវនឹងថ្ងៃទី ០១ ខែ មូហារ៉ាមមហាំម៉ាត់ (Muharram) សករាជ ១៤៣៧ គឺជាថ្ងៃចូល ឆ្នាំថ្មីរបស់សាសនិកឥស្លាមទូទាំងពិភពលោក ។
ដូចបងប្អូនខ្មែរឥស្លាមដឹងច្បាស់ហើយថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកបងប្អូនជាសាច់ឈាមខ្មែរតែមួយ ទោះបីមានជំនឿសាសនាខុសគ្នាក៏ដោយ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រ និង លើកតម្កើងសិទ្ធិសេរីភាពជំនឿសាសនា និងសិទ្ធិប្រកបការងារនិងសិទ្ធិចូលរួមក្នុងកិច្ចការសង្គមទូទៅ។
កាលពីជាង៣០ឆ្នាំមុន នយោបាយផ្លាស់ប្តូររបស់ខ្មែរក្រហម គឺបានធ្វើអោយសាសនិកខ្មែរឥស្លាមត្រូវបានកម្ទេចស្ទើរទាំងស្រុង។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវ បានរំដោះផុតពីរបបឃោរឃៅមួយនេះ គឺរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជួយពង្រឹងបងប្អូនខ្មែរឥស្លាមនៅទូទាំងប្រទេសអោយមានឱកាសគ្រប់យ៉ាងឡើងវិញ រួមទាំងការអភិវឌ្ឍសង្គមគ្រួសារ និង ជំនឿសាសនាដោយគ្មានការរើសអើង។ នៅពេលនេះ សូមបងប្អូនខ្មែរឥស្លាមប្រុងប្រយ័ត្នជាថ្មីម្តងទៀតចំពោះការឃោសនាញុះញុងអូសទាញអោយមានការផ្លាស់ប្តូរដែលស្រដៀងទៅនឹងការផ្លាស់ប្តូរសម័យខ្មែរក្រហម។ ដូចបងប្អូនបានឃើញស្រាប់នឹងភ្នែកហើយ អំពីការផ្លាស់ប្តូរដែលកំពុងកើតមានឡើងនៅមឈ្ឈឹមបូព៌ា គឺផ្លាស់ប្តូរពីមានទៅក្រ ពីមានវិហារទៅជាអត់វិហារ មានសាលាទៅជាអត់សាលា មានពេទ្យទៅជាអត់ពេទ្យ មានផ្ទះរស់នៅបែរជាទៅរស់នៅតាមតង់កៅស៊ូនៅតាមព្រំដែនរត់លូនកាត់សង្គ្រាមស្ទើររាល់ថ្ងៃយ៉ាងលំបាកវេទនា ។
ជាថ្មីម្តងទៀត ខ្ញុំសូមបញ្ជាក់ជូនបងប្អូនខ្មែរឥស្លាមទូទាំងប្រទេសអោយបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រនិងការពារនូវសិទ្ធិសេរីភាពជំនឿសាសនា និងគាំទ្រសហគមន៍ខ្មែរឥស្លាមក្នុងការចូលរួម អភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើន។ សូមបងប្អូនមានជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែការពារថែរក្សាសន្តិភាព ដែលជាកត្តាដ៏សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។
ចុងបញ្ចប់ ខ្ញុំសូមជូនពរដល់បងប្អូនខ្មែរឥស្លាមទូទាំងប្រទេស សូមបានជួបតែសេចក្តីសុខ សំណាងល្អ និង សុភមង្គលកុំបីឃ្លៀងឃ្លាតឡើយនៅក្នុងឆ្នាំថ្មីនេះ»៕