ភ្នំពេញ៖ កាលពីម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្លូវ២០៩ ក្រុម២៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ខណ្ឌចំការមនបានជិះល្បាតនៅតាមមូលដ្ឋានក៏បានឈានដល់ឃាតខ្លួនជនសង្ស័យម្នាក់ឲ្យឈប់ម៉ូតូ ហើយធ្វើសកម្មភាពត្រួតពិនិត្យរហូតឈានដល់ការចាប់ខ្លួនបុរសជនសង្ស័យបានម្នាក់ ។
ជនសង្ស័យឈ្មោះ ងូត សា ហៅអាសក់វែង អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នគរបាលប្រាប់ឲ្យដឹងថា ជនសង្ស័យកំពុងជិះម៉ូតូហ្វូណូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AT-8184 ពេលឃើញកម្លាំងសមត្ថកិច្ច ស្រាប់តែមានអាការភ័យស្លន់ស្លោ តុកស្លុត ប្រែប្រួលទឹកមុខ ពេលនោះធ្វើឲ្យសមត្ថកិច្ចមានការសង្ស័យ ទើបហៅជនសង្ស័យឲ្យឈប់ម៉ូតូដើម្បីត្រួតពិនិត្យ សួររកឯកសារ កាតគ្រី ម៉ូតូ អត់មាន ប៉ុន្តែបែរជាឃើញកូនសោសម្រាប់កាច់កម៉ូតូ ទើបសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី ។
សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបានអំពាវនាវពលរដ្ឋដែលបានបាត់ម៉ូតូដូចភិនភាគខាងលើនេះ សូមមេត្តានាំមកជាមួយនូវឯកសារ កាតគ្រីគ្រប់គ្រាន់មកទទួលម៉ូតូរបស់ខ្លួននៅប៉ុស្តិ៍ទំនប់ទឹក ៕
ដោយ៖ ស រស្មី