នៅក្នុងខ្សែវីដេអូមួយ ចំណាប់ខ្មាំងជនជាតិកាណាដា២រូប, ជនជាតិន័រវេស១រូប និងស្ត្រីជនជាតិហ្វីលីពីន១រូបបានអំពាវនាវរដ្ឋាភិបាលហ្វីលីពីនឲ្យបញ្ឈប់ប្រតិបត្តិការដោយកងកម្លាំងយោធា និងអំពាវនាវឲ្យរដ្ឋាភិបាលកាណាដាឲ្យចូលរួមចរចាដើម្បីឲ្យមានការដោះលែងពួកគាត់ពីកណ្តាប់ដៃក្រុមឧទ្ទាមអិស្លាមជ្រុលនិយមដែលបានធ្វើសកម្មភាពចាប់ពួកគាត់ធ្វើជាចំណាប់ខ្មាំងនោះ ។
ជនរងគ្រោះ៤នាក់ត្រូវខ្មាន់កាំភ្លើងប្រមាណ១១នាក់ភ្ជង់កាំភ្លើងចាប់ជំរិត ដែលក្រុមខ្មាន់កាំភ្លើងទាំងនោះត្រូវ គេជឿជាក់ថា ជាក្រុមខ្មាន់កាំភ្លើងមានសមាសភាពជាមួយក្រុមឧទ្ទាមរដ្ឋអ៊ិស្លាម មានទំនាក់ទំនងជាមួយបណ្តាញភេរវកម្មអាល់កៃដា។ ជនរងគ្រោះត្រូវចាប់ជំរិតស្ថិតនៅចំណុចរមណីយដ្ឋានមួយកន្លែង នៅលើកោះ Samar របស់ប្រទេសហ្វីលីពីនកាលពីថ្ងៃទី២១ ខែកញ្ញា ហើយនាំទៅកាន់តំបន់ភាគខាងត្បូងហ្វីលីពីនដែលសមត្ថកិច្ចមិនអាចស្គាល់ពីទីតាំង ។
នៅក្នុងខ្សែវីដេអូមួយផ្សព្វផ្សាយនៅលើប្រព័ន្ធយូធូប បុរសម្នាក់បានឧទ្ទិសនាមខ្លួនឯងថា ឈ្មោះ John Ridsdel បាននិយាយថា«សូមមេត្តាបញ្ឈប់សកម្មភាពប្រតិបត្តិការទាំងអស់នេះ ដូច្នេះ ការចរចាអាចចាប់ផ្តើមកើតមានឡើង» ។ បុរសជាចំណាប់ខ្មាំងបាននិយាយបែបនេះខណៈដែលក្រុមខ្មាន់កាំភ្លើងជាក្រុមចោរព្រៃទាំងនោះឈរនៅពីក្រោយគាត់ ។ ក្រុមចោរព្រៃនេះហើយជាក្រុមដែលចាប់ជនរងគ្រោះធ្វើជាចំណាប់ខ្មាំងនោះ ។ បុរសចំណាប់ខ្មាំងបានបន្តថា មានការបាញ់កាំភ្លើងធុនធំនៅទីតាំងក្បែរៗនោះ បាញ់នៅលើក្បាលពួកគាត់ និងការបំផ្ទុះគ្រាប់បែកផងដែរ ។ ពួកគាត់ដែលជាជនរងគ្រោះបានស្នើឲ្យបញ្ឈប់ប្រតិបត្តិការទាំងនេះពីកម្លាំងយោធាហ្វីលីពីន ។
ប្រតិបត្តិការរបស់កងកម្លាំងយោធាហ្វីលីពីនមិនអាចលាតត្រដាងនៅពេលភ្លាមៗនេះបានទេ ។ អាជ្ញាធរហ្វីលីពីនកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ បានបដិសេធន៍ការធ្វើអត្ថាធិប្បាយទាក់ទងវីដេអូខាងលើនេះ ដោយបញ្ជាក់ថា កម្លាំងពាក់ព័ន្ធកំពុងសិក្សាពិនិត្យទៅលើខ្សែវីដេអូនេះនៅឡើយ ។ អ្នកនាំពាក្យក្រសួងការបរទេសកាណាដា បានអះអាងថា កាណានៅកំពុងស្វែងរកព័ត៌មានជាក់លាក់បន្ថែមទៀតទាក់ទងខ្សែវីដេអូខាងលើនេះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត