ខេត្តកំពង់ឆ្នាំង៖ រហូតមដល់ពេលនេះ មានរយៈពេល៥ថ្ងៃមកហើយ សមត្ថកិច្ចនៅមិនទាន់បានរកឃើញមុខសញ្ញាក្រុមចោរប្លន់ប្រដាប់អាវុធ ដែលបានធ្វើសកម្មភាពប្លន់ទៅលើម្ចាស់ម៉ាស៊ីនកិនស្រូវនៅឡើយទេ ដែលនៅពេលនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ។
លោក ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងកាលពីព្រឹក១៤ ខែតុលា ឆ្នាំ២០១៥ បានប្រាប់នគរវត្តតាមទូរស័ព្ទថា ទោះបីនាពេលនេះនៅមិនទាន់មានលទ្ធផលយ៉ាងណាក៏ដោយ តែលោកកំពុងតែជម្រុញអោយជំនាញខេត្តនិងស្រុកខិតខំបន្តស្រាវជ្រាវរកមុខសញ្ញាក្រុមចោរប្លន់ម្ចាស់ម៉ាស៊ីនស្រូវនេះហើយ ។
គួររំលឹកថា កាលវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ នៅក្នុងភូមិអូររូង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រុមចោរប្រដាប់អាវុធមួយក្រុមមានគ្នា៣នាក់ ដែលមានអាវុធចំនួន២ដើម បានសម្រុកចូលទៅក្នុងផ្ទះថៅកែម៉ាស៊ីនស្រូវ និងបានភ្ជុងប្លន់យកផ្លាកទីន៥តំឡឹង៧ជី និងលុយ៤លាន៤៣ម៉ឺនរៀល។
សមត្ថកិច្ចបានឲដឹងថា ជនរងគ្រោះដែលត្រូវក្រុមចោរប្លន់ប្តីឈ្មោះ នៅ ជួប អាយុ៣៥ឆ្នាំ រីឯ ប្រពន្ធ ឈ្មោះ រឿង គា អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ជាអ្នកកិនស្រូវ ទិញលក់ស្រូវ លក់ជីកសិកម្ម និងលក់ឥដ្ឋ ខ្សាច់ ។
សមត្ថកិច្ចបានឲដឹងទៀតថា ក្នុងពេលកើតហេតុ ស្ត្រីឈ្មោះរឿង គា កំពុងមើលទូរទស្សន៍នៅលើផ្ទះ ។ ក្នុងពេលដែលកំពុងមើលទូរទស្សន៍ស្រាប់តែមានមនុស្ស២នាក់ ក្នុងនោះម្នាក់កាន់អាវុធខ្លី និង ម្នាក់ទៀតកាន់ដែកថ្នាំងអំពៅ បានចូលទៅភ្ជុង និងគម្រាមមិនអោយស្រែក រូចដោះយកខ្សែក ខ្សែដៃ ខ្សែជើង និង បានប្រមូលទូរស័ព្ទចំនួន៥គ្រឿង និងយកកាបូបលុយចុះមកដី ។
ខណៈនោះដែរ បុរសជាប្តីដែលសម្រាកនៅក្រោមផ្ទះបម្រុងចេញមកជួយតែត្រូវប៉ុន្តែត្រូវក្រុមចោរម្នាក់ទៀតកាន់អាវុធវែង ឈរយាមផ្លូវនៅក្រោមផ្ទះ បានបាញ់គំរាម១គ្រាប់ គម្រាម រួចបានចូលទៅ ដោះយកខ្សែកពីគាត់ទៀត រួចបាននាំគ្នារត់គេចខ្លួនបាត់អស់ពីកន្លែងកើតហេតុតែម្តង ក្រោយពេលកើតហេតុយ៉ាងយូរទើបសមត្ថកិច្ចទៅដល់ ។
រហូតមដល់ពេលនេះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកមុខសញ្ញាក្រុមចោរប្លន់នេះ តែនៅមិនទាន់មានពន្លឺនៅឡើយនោះទេ។ក្រោយពេលកើតហេតុសមត្ថកិច្ចរកឃើញតែ សំបកកាទុស្ស១គ្រាប់ដែលក្រុមចោរប្លន់បាញ់គំរាមម្ចាស់ផ្ទះ៕
ដោយ៖ ចន្ថា