ខេត្តស្ទឹងត្រែង ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញចុះសួរសុខទុក្ខកងវរសេនាតូចលេខ២៨៤ (អតីតៈវរសេនាតូចរបស់កងពលតូចលេខ៤១) ចំណុះកងពលតូច១២៨ ដែលកំពុងឈរជើងនៅតាមព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំកងទ័ពទាំងអស់ខិតខំការពារបូរណភាពទឹកដី គោរពវិន័យកងទ័ព និងច្បាប់របស់រដ្ឋដាច់ខាតការពាររាជរដ្ឋាភិបាល និងរក្សាសុខសន្តិភាពជូនប្រទេសជាតិ។
ជាមួយគ្នានោះនាយឧត្តមសេនីយ៍ គន់ គីម ក៏បានរំលឹកមេបញ្ជាការអង្គភាពឲ្យយកចិត្តទុកដាក់ខ្ពស់ពីជីវភាពរស់នៅ ការហូបចុករបស់កង ទ័ព ព្រមទាំងស្វែងយល់ និងគោរពពីប្រពៃណីទំនៀមទន្លាប់របស់ប្រជាពលរដ្ឋនៅទីនោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីបញ្ជាការដ្ឋាននៃយោធភូមិភាគទី១ នៅខេត្តស្ទឹងត្រែង ហើយបានពិភាក្សាបង្កើតកងពលតូចថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១ ដើម្បីពង្រឹងកិច្ចការពារបូរណភាពទឹកដីនៅក្នុងខេត្តស្ទឹងត្រែងឲ្យកាន់តែរឹងមាំ និងបង្កើនទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
ការបង្កើតកងពលលេខ១២៨នេះ បានធ្វើឡើងក្រោយពេលកងទ័ពឡាវ បានព្រមដកចេញពីលើទឹកដីរបស់កម្ពុជា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ឬហៅថា កងពលតូចថ្មើរជើងលេខ១២៨ មិនសំដៅធ្វើសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ ៕ ហេង សូរិយា