ភ្នំពេញ៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងប្រជាការពារខណ្ឌដង្កោស្ទាក់ចាប់បានប្រគល់ឲ្យសមត្ថកិច្ច ក្នុងករណីលួចទាក់ឆ្កែ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២១០៥ នៅចំណុចផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យទាំងពីរនាក់ដែលត្រូវកម្លាំងប្រជាការពារប្រចាំខណ្ឌចាប់បាន ទី១មានឈ្មោះតាំង វិត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន និងទី២ឈ្មោះលី ណៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា។ រីឯវត្ថុតាងដែលដកហូតបានរួមមានៈសម្ភារៈសម្រាប់ទាក់ឆ្កែមួយ បាវសមួយ ឆ្កែញីមួយក្បាល និងម៉ូតូឌ្រីម សេរី២០១៣ ពណ៌ខ្មៅពាក់ស្លាក់លេខភ្នំពេញ1BY-2127 មួយគ្រឿងរបស់ជនសង្ស័យ ដែលនៅជាប់នឹងខ្លួន ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុននិងចាប់បានជនសង្ស័យទាំងពីរនាក់ខាងលើគឺ កម្លាំងប្រជាការពារប្រចាំដែនដីបានឃើញជនសង្ស័យទាំងពីរនាក់នោះជិះម៉ូតូមួយគ្រឿងនិងមានបាវសជាប់និងខ្លួនដូចជាអ្នកទាក់ឆ្កែក៏សង្ស័យ។ ភ្លាមនោះកម្លាំងប្រជាការពារបានជិះដេញតាមនិងទំនាក់ទំនងតាមវទ្យុទាក់ទង(អាយកូម)ទៅមេឈ្មោះម៉ែន សុភ័ណ្ឌ ដើម្បីឲ្យជួយស្ទាក់និងរៀបរាប់ភិនភៀកជួន ។
ក្រោយមកជនសង្ស័យទាំងពីរនាក់នោះបានជិះម៉ូតូរហូតដល់គល់ស្ពាន់ដែកចំការដូងនិងបានជួបកម្លាំងប្រជាការពារមួយក្រុមទៀតដែលចាំស្ទាក់ ភ្លាមៗនោះកម្លាំងប្រជាការពារបានឃើញក៏ស្ទាក់ឲ្យឈប់ តែជនសង្ស័យទាំងពីរនាក់នោះមិនព្រមឈប់ទេក៏បន្ថែមល្បឿនទៅមុខទៀត ភ្លាមនោះកម្លាំងប្រជាការពារបានស្ទុះទៅចាប់និងផ្ដួរម៉ូតូឲ្យដួលបន្ទាប់ក្រោយមកក៏បានឆែកឆេររកឃើញមានឆ្កែញីមួយក្បាលនៅក្នុងបាវស និង
សម្ភារៈសម្រាប់ទាក់ឆ្កែមួយចំនួន ដែលនៅជាប់នឹងខ្លួន ។
ក្រោយពីឆែកឆេរនិងរកឃើញមានវត្ថុតាងជាក់ស្ដែងរួចហើយនោះ កម្លាំងប្រជាការពារដែនដីប្រចាំខណ្ឌបានប្រគល់សម្ភារៈដែលដកហូតបានប្រគល់ឲ្យទៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋាបាលខណ្ឌដង្កោចាត់ការតាមនីតិវិធីច្បាប់ ៕
...
ដោយ៖ ភារ៉ា ដង្កោ