បុរសម្នាក់ដើរទៅដងទឹកងូតរអិលជើងធ្លាក់ចូលក្នុងស្រះបណ្ដាលឲ្យលង់ស្លាប់

ចែករំលែក៖

កណ្ដាលៈ បុរសម្នាក់លង់ទឹកស្លាប់យ៉ាងអណោចអធ័ម បន្ទាប់ពីបុរសរូបនេះបានទៅងូតទឹកស្រះមួយកន្លែង មិនប្រុងប្រយ័ត្នក៏រអិលជើងធ្លាក់ចូលទឹកដែលមានជម្រៅជ្រៅ បណ្ដាលឲ្យស្លាប់ ។ ហេតុការណ៍នេះបានបង្កឲ្យមានឆោឡោរឡើង កាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចស្រះទឹកក្នុងវត្តចតុទិស ស្ថិតក្នុងភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះលង់ទឹកស្លាប់បាត់បង់ជីវិតឈ្មោះ សាំង គង់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ស្រ្តីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេនិងជនរងគ្រោះជាប្តីបាននាំគ្នាប្រមូលសម្លៀកបំពាក់យកទៅបោកគួកក្នុងស្រះទឹកចតុទិស លុះបោករួចរាល់ហើយខ្លួនបានរៀបចំខោអាវដាក់ចូលក្នុងកន្រ្តក់ ចំណែកឯជនរងគ្រោះជាប្តីបានដើរទៅដងទឹកងូតកន្លែងដែលមានជម្រៅជ្រៅ ខណៈដែលដើរដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះក៏រអិលជើងដួលធ្លាក់ចូលក្នុងទឹកដោយជនរងគ្រោះពុំចេះហែលទឹកនោះទេ ប្រពន្ធជនរងគ្រោះឃើញប្តីលង់ទឹកដូច្នេះ ក៏ស្រែកឆោឡោរបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងបានមកជួយសង្រ្គោះ និងស្រង់ជនរងគ្រោះមកដាក់លើគោកដើម្បីធ្វើចលនា តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលផ្នែកកោសល្យវិច្ច័យនិងវិទ្យាសាស្រ្តបានចុះមកធ្វើការពិនិត្យទៅលើសាកសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន ពុំមានពាក់ព័ន្ធទៅនិងបទល្មើសអ្វីផ្សេងឡើយ ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print