ម៉ូតូ៤០គ្រឿងនិងសម្ភារជាច្រើនទៀតត្រូវអគ្គីភ័យឆេះដោយសារទុស្សេខ្សែភ្លើងនៅក្នុងក្រុងស្ទឹងសែន

ចែករំលែក៖

ខេត្តកំពង់ធំៈ ផ្អើលពេញក្រុងស្ទឹងសែន ខណៈដែល ហាងម៉ូតូ មួយកន្លែង ជាផ្ទះល្វែង៣ជាន់ ត្រូវបានអគ្គីភ័យឆាបឆេះម៉ូតូអស់ ៤០គ្រឿង រួមទាំងសម្ភារៈ និងរបស់មានតំលៃមួយចំនួនទៀត ដែលសមត្ថកិច្ចមិនទាន់អាចសរុបការខូចខាត ក្នុងករណី ភ្លើងឆេះផ្ទះនេះបានទេ។

នៅក្នុងហេតុការណ៍ភ្លើងនេះ គេសង្កេតឃើញលោក ឧត្តមសេនីយ៍ត្រី អ៊ុក កុសល់ ស្នងការនគរបាលខេត្តកំពង់ធំ និងលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន រួមទាំងកងកម្លាំងនគរបាល នៃស្នងការខេត្តកំពង់ធំ និងកងរាជអាវុធហត្ថខេត្ត រួមទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងអធិការក្រុងស្ទឹងសែន រួមទាំងប្រជាពលរដ្ឋ រាប់រយនាក់ ជួយគ្នាអន្តរាគមពន្លត់អគ្គីភ័យ ដែលអាចគ្រប់គ្រងភ្លើងបានទាំងស្រុងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧ ។

តាមសាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ភ្លើងបានឆេះនៅវេលាម៉ោង ៧និង២០នាទី ក្បាលព្រលប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៧ ដោយម្ចាស់ផ្ទះឈ្មោះ ប៉ាង យឹមឈង ហៅ ឈីង អាយុ ៥៥ឆ្នាំ ប្រពន្ឋឈ្មោះ រុន មានមុខរបរលក់ម៉ូតូ និងគ្រឿងបន្លាស់ម៉ូតូជាច្រើនទៀត ត្រូវបានភ្លើងឆេះរួមមាន ម៉ូតូ៤០គ្រឿង និងសម្ភារៈគ្រឿងបន្លាស់ ដោយខណៈនេះមិនទាន់អាចសរុបតំលៃនៃការខូចខាតបានទេ។

លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានថ្លែងអំណរគុណដល់កងកម្លាំងទាំង៣ប្រភេទ រួមទាំងប្រជាពលរដ្ឋ ដែលបានចុះមកជួយអន្តរាគមន៍ ពន្លត់អគ្គីភ័យបានទាន់ពេលវេលា និងទប់ស្កាត់ភ្លើងមិនអោយឆេះរាលដាលដល់ផ្ទះ អ្នកជិតខាង ហើយក៏សំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ចរន្តអគ្គីសនីយ៍សូមឲ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ កុំតចរន្តដោយគ្មានឯង បើគ្មានជំនាញ នាំឲ្យមានអគ្គីភ័យឆាបឆេះបាន ក្នុងករណីមានហេតុការអ្វីៗ សូមឲ្យរាយការណ៍ ជូនសមត្ថកិច្ចឲ្យបានទាន់ពេលវេលា។

NKD-36x6_outline

លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល់ ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា មូលហេតុដែលបង្ករឲ្យមានអគ្គីភ័យ ឆេះនេះគឺតាមការពិនិត្យស្ថានភាព និងយោងតាមការផ្តល់ព័ត៌មាន របស់ជនរងគ្រោះគឺ បណ្តាកមកពីទុស្សេខ្សែភ្លើង ប្រើកំលាំង80នាក់ និងប្រជាពលរដ្ឋជាច្រើន ប្រើប្រាស់ឡានទឹក5គ្រឿង ។

ក្នុងករណី អគ្គ័យនេះ ពុំបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់នោះទេ ៕ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print