ជោគវាសនា​ឧកញ៉ា​ ជួប​ ច័ន្ទ​ នៅ​ស្រពិចស្រពិល​ ករណី​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​មួយ​លាន​ដុល្លារ​ ,​ ព្រឹក​នេះ​ តុលាការ​បន្ត​នីតិវិធី​

ចែករំលែក៖

ភ្នំពេញ​ ៖ ជោគវាសនា​ឧកញ៉ា​ជួប​ ច័ន្ទ​ នៅ​ស្រពិចស្រពិល​ ករណី​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក​ ខណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ នេះ​ លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បន្ត​នីតិវិធី​នៃ​ការ​សាកសួរ​ និង​ ឈាន​ដល់​ការ​សម្រេច​ចុងក្រោយ​ ។

ឧកញ៉ា​ ជួប​ ច័ន្ទ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​កាលពី​ព្រលប់​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ពាក់ព័ន្ធ​ការ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​មួយ​លាន​ដុល្លារ​ តាម​ការ​ឯកភាព​ឱ្យ​ឃាត់ខ្លួន​របស់​លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

មន្ត្រី​តុលាការ​ ថ្លែង​ថា​ សមត្ថកិច្ច​​កសាង​សំណុំ​រឿង​បញ្ជូន​ឧកញ៉ា​ ជួប​ ច័ន្ទ​ មក​តុលាការ​ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ខណៈ​ប្រភព​ព័ត៌មាន​អះអាង​ថា​ ភាគី​ដើម​បណ្ដឹង​ និង​ ឧកញ៉ា​ ជួប​ ច័ន្ទ​ កំពុង​សម្របសម្រួល​គ្នា​ ។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ លោក លីវ វុទ្ធី តំណាង​ឱ្យ​ក្រុមហ៊ុន គឹម កៅ ដែលជាកូនប្រុសលោកឧកញ៉ា គឹម ហាប់​ បាន​ដាក់ពាក្យប្តឹង​ឧកញ៉ា ជួប ច័ន្ទ ពីបទចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ចំនួនជាងមួយ​លានដុល្លារអាមេរិក ។

ប្រភពបន្តថា​ ករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់នេះគឺ ឧកញ៉ា ជួប ច័ន្ទ បានរកស៊ីជាមួយ ក្រុមហ៊ុនលោកឧកញ៉ា គឹម កៅ លើទឹកប្រាក់ប្រមាណ៣លានដុល្លារអាមេរិក។ ប៉ុន្តែក្រោយមក លោកឧញ៉ា គឹម កៅ បានទារប្រាក់នេះវិញ ទើបឧកញ៉ា ជួប ច័ន្ទ ចេញសែកឲ្យទៅឧកញ៉ា គឹម កៅ ដែល​មានទឹកប្រាក់ជាងមួយ​លានដុល្លារអាមេរិក ដោយបានកំណត់​ ឱ្យ​ទៅបើកនៅធនាគារនៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២១០៧។

ប៉ុន្តែពេលភាគីឧកញ៉ា គឹម កៅ យកសែកទៅបើកលុយ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថាមូលប្បទានប័ត្រនេះគ្មានសាច់ប្រាក់ទេ ។ ក្រោយបានទទួលពាក្យបណ្តឹងរបស់​លោក លីវ វុទ្ធី​ រួចហើយ​ សមត្ថកិច្ចបានអញ្ជើញ ឧកញ៉ា ជួប ច័ន្ទ ឱ្យ​ចូលបំភ្លឺលើពាក្យបណ្តឹងនេះ​ ។​ ពេលឧកញ៉ា ជួប ច័ន្ទ ចូលបំភ្លឺក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តងដោយយោងតាមការឯកភាពពីលោកស៊ិន វិរៈ ព្រះរាជអាជ្ញារងអមសាលាដំបូង​រាជធានីភ្នំពេញ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print