រឿង​បាត់​ប្រាក់​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត​ កែម​ ឡី​ ៖​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ចូល​បំភ្លឺ​តុលាការ​

ចែករំលែក៖

ភ្នំពេញ​ ៖ សំណុំរឿង​បាត់​ប្រាក់​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត​កែម​ ឡី​ ឥឡូវ​នេះ​ លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ក្នុង​នាម​ជា​ដើម​បណ្ដឹង​ បាន​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ នេះ​ តាម​ដីកា​កោះ​អញ្ជើញ​របស់​លោក​ គុជ​ គឹមឡុង​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

លោក​ ពេជ្រ​ ស្រស់​ ថ្លែង​ថា​ លោក​​ប្តឹង​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុន​តិញ​ និង​ លោក​ ប៉ា​ ងួន​ទៀង​ ទៅ​តុលាការ​ ដើម្បីបកស្រាយចម្ងល់ដល់មហាជន និងបញ្ជាក់​ឱ្យ​បានច្បាស់អំពីលុយបុណ្យសពបណ្ឌិត កែម ឡី ដែលមហាជនដាក់ការសង្ស័យថា បាត់លុយយ៉ាងច្រើន​នោះ។​

លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះ ថា​ “​ ព្រះអង្គធ្វើគណៈកម្មការមុន ដែលមនុស្សចូលលុយរាប់ម៉ឺនរាប់សែនដុល្លារ តើជាការអាថ៌កំបាំងដែរឬទេ ដែលគ្មានលុយសាងសង់ចេតិយ នេះបានគេហៅថា អាថ៌កំបាំងពិតប្រាកដណាព្រះអង្គ អាថ៌កំបាំងពិតប្រាកដ គឺព្រះអង្គមិនបានលាតត្រដាងចំនួនលុយពិតប្រាកដ​ “​ ។

លោក​ បន្តថា​ “​ នៅក្នុងថ្ងៃចូលបុណ្យលោកបណ្ឌិត កែម ឡី ព្រមទាំងលុយ ដែលគេចូលបុណ្យរយៈពេល៧ថ្ងៃ ព្រមទាំងលុយដែល គេចូលបុណ្យពីស្រុកក្រៅទៅទៀត លោក កែម រិទ្ធិសិត បានប្រាប់ខ្ញុំថា ព្រះអង្គនៅស្រុកខ្មែរអត់កាន់លុយទេ ប៉ុន្ដែព្រះអង្គអ្នកគ្រប់គ្រងលុយត្រូវចាំ។​ មួយទៀត ព្រះអង្គទៅអូស្ដា្រលី ទៅអាមេរិក ព្រះអង្គទៅរ៉ៃអង្គាសតើលុយហ្នឹង យន្ដហោះអ្នកដឹក ឬក៏ព្រះដាក់ក្នុងថង់យាម ឬក៏ព្រះអង្គមានសាវកផ្សេងទៀតមកកាន់លុយហ្នឹង ព្រះអង្គបកស្រាយមក នោះទើបហៅថាអាថ៌កំបាំងពិតប្រាកដ”​ ។

គួរ​បញ្ជាក់​ថា​ កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧​កន្លងទៅ លោក ពេជ្រ ស្រស់ បានប្រគល់​ថវិកាចំនួន​៣,០២០,០០០រៀល​ ដែលមកបានពីការរ៉ៃអង្គាស រយៈពេល៣០ថ្ងៃ ក្នុងការជួយកសាង​ចេតិយ ជូនសព​លោកបណ្ឌិត កែម ឡីនោះ ​ជូនក្រុមគ្រួសារលោកបណ្ឌិត នៅឯស្រុកកំណើត ​ខេត្តតាកែវ​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print