ប្រទេសចិន-ទីក្រុងណាននីង៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារ Nanning Wanda Wenhua ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិន (NDRC) វេទិកាកម្ពុជា-ចិនស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងវិនិយោគ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គ-លេខាធិការ ក.អ.ក ឯកឧត្តម ឈិន វូ (Chen Wu)ប្រធានរដ្ឋាភិបាលប្រជាជននៃតំបន់ស្វយ័តក្វាងស៊ី និង ឯកឧត្ដម នីង ជីចឹ (Ning Jizhe) អនុប្រធាន NDRC ដោយមានការចូលរួមពីគណៈគ្រប់គ្រងនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិន ឥស្សរជនតំណាងក្រសួងស្ថាប័នមួយចំនួននៃរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនិងផ្នែកឯកជននៃប្រទេសចិន សរុបប្រមាណ ៣០០នាក់។
ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះ NDRC ក្នុងការរៀបចំវេទិកានេះ ដែលនឹងផ្តល់ឱកាសបន្ថែមទៀតដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីបន្តពិភាក្សាស្វែងយល់ពីកាលានុវត្តភាព សក្ដានុពលពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត បន្ទាប់ពីវេទិកាស្ដីពីពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិនលើកទី១ ដែលរៀបចំឡើងដោយ NDRC ត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា ផ្អែកលើមិត្តភាពដ៏ប្រពៃណី រដ្ឋាភិបាលនៃប្រទេសទាំងពីរបានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរហូតដល់កម្រិតកំពូលមួយគឺ “កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការធានាដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ឱ្យទទួលបានជោគជ័យ។ គួរកត់សម្គាល់ថា គោលនយោបាយ IDP មានចក្ខុវិស័យក្នុងការជំរុញ កែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហ-កម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥។
ឯកឧត្តម សុខ ចិន្តាសោភា ជឿជាក់ថាអង្គវេទិកានេះ នឹងផ្តល់ធាតុចូលបន្ថែមទៀតដល់ការចូលរួមពង្រឹង និងពង្រីកកិច្ចសហ-ប្រតិបត្តិការរបស់ប្រទេសទាំងពីរឱ្យសម្រេចបានលទ្ធផលដូចដែលបានគ្រោងទុក។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឈិន វូ (Chen Wu) ប្រធានរដ្ឋាភិបាលប្រជាជននៃតំបន់ស្វយ័តក្វាងស៊ី បានទទួលស្គាល់នូវសមិទ្ធផលសេដ្ឋកិច្ចជាច្រើនដែលរាជដ្ឋាភិបាលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ។ ឯកឧត្តមក៏បានថ្លែងកាន់ទៅអ្នកចូលរួមទាំងអស់ថា ទីក្រុងណាននីងពិតជាមានកិត្តិយសដ៏ប្រពៃដែលបានធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធីពិព័រណ៌អាស៊ាន-ចិន លើកទី១៤ និងជាពិសេសបានទទួល នូវវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ក្នុងរយៈពេល៣ថ្ងៃ ពីថ្ងៃទី១១-១៣ ខែកញ្ញា កន្លងទៅថ្មីៗនេះ។
ដោយឡែក ឯកឧត្តម នីង ជីចឹ (Ning Jizhe)អនុប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិន ក៏បានរំលេច និងទទួលស្គាល់នូវកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន តាមរយៈការប្រើប្រាស់យន្តការសម្របសម្រួល, កិច្ចសន្ទនាទ្វេភាគី, ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា, និងការពិភាក្សាលើវិស័យគន្លឹះនិងគម្រោងអាទិភាពនានា ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះគម្រោងវិនិយោគដែលកំពុងមានសកម្មភាពនៅប្រទេសកម្ពុជា។ ឯកឧត្តមសង្ឃឹមថាវេទិកានាថ្ងៃនេះនឹងចូលរួមចំណែកដល់ការជំរុញល្បឿនកិច្ចសហប្រតិបត្តិការវិនិយោគឧស្សាហកម្មរវាងប្រទេសទាំងពីរ ដែលឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” និងកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតអន្តរជាតិនៃផែនការ ៥ឆ្នាំ លើកទី១៣ របស់រដ្ឋាភិបាលចិន ។
គួរបញ្ជាក់ដែរថា យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមខែសីហា ឆ្នាំ២០១៧ ការវិនិយោគ ចិននៅកម្ពុជាមានទឹកប្រាក់សរុបប្រមាណ ១៦,២ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានគម្រោងវិនិយោគសរុបចំនួន ១១០ មានទុនវិនិយោគសរុបចំនួនប្រមាណ ៣១០លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៦.១៨០ កន្លែង ។
ឯកឧត្តម សុខ ចិន្ដាសោភា បានបន្តទៀតថា ក្នុងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធានាដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ឱ្យទទួលបានជោគជ័យ។ គោលនយោបាយនេះ មានចក្ខុវិស័យក្នុងការជំរុញ ការកែប្រែ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥ ដោយផ្ដោតលើយុទ្ធសាស្រ្តគន្លឹះសំខាន់ៗចំនួន ៤គឺ៖ (១) ការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងការកៀរគរវិនិយោគឯកជនក្នុងស្រុក, (២) ការអភិវឌ្ឍ និងទំនើបកម្មសហគ្រាសធុនតូច និងមធ្យម, (៣) ការកែលម្អបរិស្ថាននិយ័តកម្ម, និង (៤) ការសម្របសម្រួលគោលនយោបាយគាំទ្រ។ ក្នុងន័យនេះ ខ្ញុំជឿជាក់ថា អង្គវេទិកានេះ នឹងផ្តល់ធាតុចូលបន្ថែមទៀតដល់ការចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរឱ្យសម្រេចបានលទ្ធផលដូចដែលបានគ្រោងទុក។ ហើយវិនិយោគិនចិន សូមកុំគិតថាកម្ពុជា ជាទីផ្សារតូចមួយដែលមានប្រជាជន ១៥លាននាក់ គប្បីគិតថាបោះទីតាំងនៅកម្ពុជា គឺបម្រើទីផ្សារប្រទេសតំបន់មេគង្គដែលមានប្រជាជនចំនួនប្រមាណ២៥០លាននាក់ ហើយដែលគេតែងតែចាត់ទុកថាជាតំបន់ដែលមានភាពរស់រវើក និងកំណើនខ្ពស់ជាងគេនៅក្នុងតំបន់ និងដែលមានប្រជាជនវ័យក្មេងជាងគេ។ ម្យ៉ាងវិញទៀត ក៏អាចគិតថា បោះទីតាំងនៅកម្ពុជាគឺបម្រើទីផ្សារអាស៊ាន ដែលមានប្រជាជន ៦៣០លាននាក់ ។
ក្នុងក្របខ័ណ្ឌនៃការអនុវត្ត គំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ លោកចង់អោយផ្នែកឯកជនចិន ចូលរួមដើម្បីធានាភាពជោគជ័យនៃគោលនយោបាយនេះ ក៏ដូចលើកម្ពស់កិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងរដ្ឋាភិបាល នៃប្រទេសយើងទាំងពីរ ៕ស តារា