ភ្នំពេញ៖ នគរបាលអន្តោប្រវេសន៍កម្ពុជាបានធ្វើការបញ្ជូនចេញជនជាតិវៀតណាមដែលរស់នៅក្នុង ប្រទេសកម្ពុជាខុសច្បាប់ក្នុង២សប្តាហ៍នៃដើមខែតុលាឆ្នាំ២០១៥នេះ បាន៨៥នាក់បន្ថែមទៀត។ នេះបើតាមការអះអាងរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥កន្លងទៅ ។
លោឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ដដែលបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ដោយឡែកនៅ ព្រឹកថ្ងៃទី១០តុលានេះ យើងនឹងរៀបចំបណ្តេញចេញជនជាតិវៀតណាមត្រឡប់ទៅវិញ៤២នាក់ក្នុង នោះស្រី៣នាក់បន្ថែមទៀតតាមច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង ហើយជនបរទេសទាំងនេះ គឺយើងបានឃាត់ខ្លួនពីខេត្តកំពង់ស្ពឺពួកគេជាកម្មករសំណង់នៅក្នុងក្រុមហ៊ុនព្រេមឺលីស ដែលជាការដ្ឋានម៉ាស៊ីនកិនស្រូវ។ ពួកគេទាំងនេះគឺពុំមានឯកសារអ្វីទាំងអស់សូម្បីតែប៉ាស្ព័រក៏គ្មានផងដែរ និងមួយចំនួនផ្សេងនាំមកពីខេត្តបន្ទាយមានជ័យ គឺពួកគេធ្វើជាងចម្លាក់ឈើតាមសិប្បកម្ម ហើយមួយចំនួនទៀតយើងឃាត់ខ្លួនបាននៅតាមហាងកហ្វេនៅក្នុងរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ដដែលក៏បានរំលឹកផងដែរថា ហេតុដូច្នេះនៅថ្ងៃ នេះយើងបណ្តេញចេញ៤២នាក់ ស្រី៣នាក់ ហើយកាលពីសប្តាហ៍មុនក្នុងខែតុលាដដែលនេះគឺ យើងបានបណ្តេញចេញជនជាតិវៀតណាមដដែល៤៣នាក់ផងដែរ ស្រីម្នាក់គិតទៅក្នុង២សប្តាហ៍ ក្នុងខែតុលា ឆ្នាំ២០១៥នេះយើងបានធ្វើការបណ្តេញចេញ៨៥នាក់ស្រី៤នាក់តាមច្រកទ្វារបាវិត។
លោកឧត្តមសេនីយ៍ទោក៏បានបញ្ជាក់ឲ្យដឹងថា ការបណ្តេញចេញចំពោះជនបរទេសរស់នៅកម្ពុជា ខុសច្បាប់នេះ គឺយើងធ្វើឡើងមិនចំពោះតែជនជាតិវៀតណាមនោះទេគឺធ្វើឡើងទៅលើគ្រប់សញ្ជាតិទាំងអស់។ ក៏ប៉ុន្តែពួកគេមានសិទ្ធចូលមកប្រទេសកម្ពុជាលុះត្រាណាតែពួកគេគោរពច្បាប់អន្តោប្រវេសន៍របស់ប្រទេសកម្ពុជាយើង ប្រសិនបើពួកគេលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជានោះគឺកម្លាំង នគរបាលអន្តោប្រវេសន៍យើងចាប់ខ្លួនបាននឹងបញ្ជូនទៅតុលាការអនុវត្តន៍តាមច្បាប់ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ក៏បានបញ្ជាក់ឲ្យដឹងទូរលេខនៃការបណ្តេញចេញ ជនបរទេសមាន៤៦សញ្ជាតិ ដែលរហូតមកដល់បច្ចុប្បន្ននេះ៣.៧៦៩នាក់ ស្រី៦៩៦នាក់ ដោយឡែកសម្រាប់តែជនជាតិវៀតណាមមាន ៣.៣៤០នាក់ ស្រី៦៦៤នាក់ ។
ពាក់ព័ន្ធនិងជនជាតិវៀតណាមដែលបានរស់នៅកម្ពុជាមានអត្តសញ្ញាណប័ណ្ណខ្មែរ និងសៀវស្នាក់នៅ ឬសំបុត្រកំណ់តនោះ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា បានបញ្ជាក់ឲ្យដឹងថា ចំពោះជនបរទេសដែលយើងត្រួតពិនិត្យទៅឃើញមានប្រើប្រាស់អត្តសញ្ញាណប័ណ្ណខ្មែរ ដូចជា សៀវភៅឬសំបុត្រកំណើតនោះគឺយើងមិនទាន់កំណត់ថាពួកគាត់ប្រើប្រាស់ឯកសារទាំងនោះខុសនោះទេ ក៏ប៉ុន្តែគឺយើងបានធ្វើកិច្ចសន្យាមួយប្រគល់ឯកសារបស់គាត់ឲ្យគាត់គ្រប់គ្រងឲ្យបានល្អ ដើម្បីឲ្យគណៈកម្មការចម្រុះត្រួតពិនិត្យជាក់ស្តែង ប្រសិនបើឯកសារនោះត្រឹមត្រូវទៅតាមច្បាប់គឺ អត់បញ្ហាទេ តែបើឯកសារនោះគេធ្វើតាមការស៊ូកប៉ាន់ជាមួយសមត្ថកិច្ចមូលដ្ឋានខុសច្បាប់វិញ នោះគឺយើងត្រូវដកហូត ហើយអនុវត្តន៍ទៅតាមច្បាប់៕
ដោយ៖ តាឡឹម