អ្នកនាំពាក្យសាលាឧទ្ធរណ៍ ៖ សាលាឧទ្ធរណ៍ ចង់ឱ្យមានវត្តមានជនត្រូវចោទ កឹម សុខា នាសវនាការថ្ងៃទី២៦ខែកញ្ញា តែបើអត់ក៏មិនប៉ះពាល់នីតិវិធីដែរ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍លោក ទូច ថារិទ្ធិ ថ្លែងថា តាមស្មារតីសាលាឧទ្ធរណ៍ គឺ ចង់ឱ្យមានវត្តមានជនត្រូវចោទ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ចូលរួមសវនាការ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ ។ ប៉ុន្តែ ប្រសិនបើគ្មានវត្តមានជនត្រូវចោទ កឹម សុខា ក៏មិនប៉ះពាល់នីតិវិធីដែរ ព្រោះជាសវនាការមុនអង្គសេចក្តី ពោលគឺការសុំនៅក្រៅឃុំបណ្តោះអាសន្នប៉ុណ្ណោះ ។

លោក ទូច ថារិទ្ធិ បន្តថា ពាក់ព័ន្ធបញ្ហាសន្តិសុខ សុវត្ថិភាព របស់ជនត្រូវចោទ កឹម សុខា គឺ ជាសមត្ថកិច្ចរបស់អគ្គនាយកពន្ធនាគារ ជាអ្នកទទួលខុសត្រូវ ហើយការសួរដេញដោលនេះ គឺ ពុំចាំបាច់ចំពោះមុខទេ ដែលអាចឱ្យក្រុមប្រឹក្សាជំនុំជម្រះ អាចសម្រេចអំពីការឱ្យនៅក្រៅឃុំ ឬ មិនឱ្យនៅក្រៅឃុំ បាន ។

អគ្គនាយកពន្ធនាគារ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ បានធ្វើលិខិតមួយច្បាប់មកអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដែលរៀបរាប់ថា “ក្នុងការចាត់ចែងនាំជនត្រូវចោទកឹម សុខា មកសាលាឧទ្ធរណ៍ដើម្បីបើកការពិភាក្សាដេញដោលនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ អគ្គនាយកពន្ធនាគារមានការបារម្ភចំពោះបញ្ហាសន្តិសុខសុវត្ថិភាពដែលអាចកើតឡើងជាយថាហេតុនៅពេលដឹកជញ្ជូនក៏ដូចជាពេលមានវត្តមាននៅសាលាឧទ្ធរណ៍”។ អគ្គនាយកពន្ធនាគារ ស្នើឱ្យអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ពិនិត្យបញ្ហានេះ ។

ដោយឡែក លោកសំ សុគង់ មេធាវីការពារក្ដីលោកកឹម សុខា ថ្លែងថា ក្រុមមេធាវីចង់ឱ្យសាលាឧទ្ធរណ៍សម្រេចបញ្ជូនលោក កឹម សុខា មកចូលរួមសវនាការ ។ លោកមេធាវីថា “ការព្រួយបារម្ភរបស់ពន្ធនាគារ គឺ មិនត្រឹមត្រូវទេ ការរក្សាការពារសន្តិសុខ សុវត្ថិភាព របស់ជនត្រូវចោទ ជាកាតព្វកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច ហើយជាគោលការណ៍ច្បាប់សវនាការ គួរតែមានវត្តមានជនត្រូវចោទ ” ។

គួរបញ្ជាក់ថា សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ នឹងបើកសវនាការបណ្តឹងរបស់ក្រុមមេធាវី ដែលប្តឹងប្រឆាំងនឹងដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទបទល្មើស”ក្បត់ជាតិ”។

លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនិងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៧ សម្រេចចេញដីកាឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទល្មើស”ក្បត់ជាតិ”ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ ។

សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ”សន្ទិដ្ឋិភាពជាមួយបរទេស”តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print