ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់រួមទាំងវត្ថុតាងកាណូតចំនួន ០២គ្រឿងបានឃាត់ទុកជាបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងទិល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកលើផ្ទៃបឹងទន្លេសាប ខណៈបានបាត់ខ្លួនជនរងគ្រោះម្នាក់អស់ជាច្រើនម៉ោងហើយនៅតែរកមិនឃើញ។
ហេតុការណ៍ដ៍កម្រខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង០០នាទី រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្ទៃទឹកបឹងទ្លេសាប ត្រង់ចំណុចខាងកើត(វត្តរាំងទិល)ចម្ងាយប្រមាណជាង ១០០ម៉ែត្រ ស្ថិតក្នុងភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ញឹក បាន មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកកណ្ដៀងបានឲ្យដឹងថា ករណីខាងលើបង្កឡើងដោយបុរសម្នាក់ឈ្មោះ នី សុី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានធ្វើដំណើរដោយកាណូតសំបកបាឡាជ័យស្មាច់ បំពាក់ម៉ាសុីនម៉ាក ហុីណូតា កំលាំង ១៨សេះ ពណ៏ត្រេអុី ១គ្រឿង បានធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកចំកាណូត និងជនរងគ្រោះ(បាត់ខ្លួន) ខណៈកំពុងធ្វើដំណើរបញ្រ្ចាស់ទិសពី(ជើងទៅត្បូង)ពេញទំហឹង ទំនងអាចបណ្ដាលឲ្យជនរងគ្រោះមានរបួសធ្លាក់ចូលទឹកទន្លេ ក៍បានបាត់ខ្លួនរហូតមកដល់រសៀលថ្ងៃទី២២នេះ ចំណែកជនសង្ស័យបង្កបានធ្លាក់ទឹកដែរតែហែលរួច។
លោក វរសេនីយ៍ត្រី ញឹក បាន មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកកណ្ដៀងបន្តថា ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍កម្ររកមិនទាន់ឃើញនេះឈ្មោះ សេង ធារ៉ា ហៅ ហ៊ុន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុច និងភូមិ.ឃុំកើតហេតុកើតហេតុជាមួយគ្នាខាងលើ។
លោក វរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកកណ្ដៀងបន្តទៀតថា ចំពោះជនសង្ស័យបង្ករួមទាំងវត្ថុតាងកាណូតទាំងសង់ខាង ឃាត់ទុកជាបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងទិល ខណជនរងគ្រោះប្រជាពលរដ្ឋ និងសមត្តកិច្ចសហការគ្នាខំរកតែរកមិនទាន់ឃើញ រហូតដល់រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ នេះនោះ៕ បឹុម ពិន