ខេត្តកណ្តាលៈ បុរសម្នាក់ធ្វើសកម្មភាពចាប់ស្ត្រីម្នាក់រំលោភសេពសន្ថវៈ រហូតបានសម្រេចរួចគេចខ្លួនចេញពីលំនៅឋានអស់រយៈពេលជាច្រើនឆ្នាំទើបត្រឡប់មកវិញ ត្រូវសមត្ថកិច្ចនគរបាលស្រុកលើកដែកក្របួចចាប់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ។
ជនត្រូវចោទរូបនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនត្រូវចោទដែលត្រូវបានចាប់ខ្លួននោះឈ្មោះ រ៉ា ចាន់រី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១០៥.ដ.ក.ច.ខ ចុះថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១២ ចុះហត្ថលេខាដោយលោក លឹម សុគន្ថាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០១០ ។
ប្រភពដដែលបានបន្តថា ក្រោយពីធ្វើសកម្មភាពប្រព្រឹត្តបទល្មើសឧក្រិដ្ឋទៅលើជនរងគ្រោះ ជនខាងលើនេះបានព្យាយាមគេចខ្លួនចេញពីលំនៅឋាន ដោយពុំដឹងថាទៅរស់នៅឯខេត្តណានោះទេ ទើបចៅក្រមសម្រេចចេញដីកាបង្គាប់ឲ្យភ្នាក់ងាមានសមត្ថ កិច្ចចាប់ខ្លួនជនត្រូវចោទបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ។ លុះមកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលស្រុកលើកដែកបានប្រទះឃើញជនត្រូវចោទនៅក្នុងមូលដ្ឋានក៏ធ្វើការចាប់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ត ៕ ស្អាងជ័យ