ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានថានឹងមានសកម្មភាពតប់តបើកូរ៉េខាងជើងសាកល្បងបរមាណូអុីដ្រូសែននោះ

ចែករំលែក៖

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកនឹងមានសកម្មភាពតបតឲ្យបានសមស្របបំផុត ប្រសិនបើកូរ៉េខាងជើងសាកល្បងគ្រាប់បែកបរមាណូអុីដ្រូសែន នៅតំបន់សមុទ្រប៉ាស៊ីហ្វិក ដូចការគំរាមរបស់មេដឹកនាំកូរ៉េខាងជើងកាលពីថ្ងៃទី២២ ខែកញ្ញា។

នៅថ្ងៃនោះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Rex Tillerson បានបញ្ជាក់ថា ប្រធានាធិបតី អាមេរិកនឹងមានសកម្មភាពតបតឲ្យបានសមស្របទៅនឹងការសាកល្បងគ្រាប់បែកបរមាណូអុីដ្រូសែន ដូចអ្វីដែលកូរ៉េខាងជើងបានគំរាម។

ឆ្លើយតបទៅនឹងបទសម្ភាសន៍របស់បណ្តាញទូរទស្សន៍ ABC លោក Tillerson បានបញ្ជាក់ថា«យើងនឹងបន្តការខិតខំតាមរយៈកិច្ចការបរទេស ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ នៅកូរ៉េខាងជើង ប៉ុន្តែជម្រើសយោធានៅតែគិតគូរដល់ដដែល។ នៅពេលដែលយើង ធ្វើការវាយតម្លៃឲ្យបានច្បាស់លាស់នោះ ប្រធានាធិបតី ត្រាំ នឹងចេញសេចក្តីសម្រេចតបតឲ្យបានសមស្របបំផុត»។

ក្នុងពេលជាមួយគ្នានេះ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុក តំបន់អាស៊ីភាគខាងកើត និងអាស៊ីប៉ាស៊ីហ្វិក លោក Susan Thornton បានបញ្ជាក់ថា ការសាកល្បងគ្រាប់បែកបរមាណូអុីដ្រូសែន គឺជាសកម្មភាព ឌឺដងមិនអាចទទួលយកបានឡើយ។

កន្លងមកថ្មីៗ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្កើនការប្រឈមមុខដាក់គ្នា ជាមួយកូរ៉េខាងជើងជុំវិញការប្រជែងអាវុធនុយក្លេអ៊ែរ ដោយបានគំរាមថា នឹងកម្ទេចប្រទេសមានប្រជាជន២៦លាននាក់នេះឲ្យខ្ទេច និងបានចម្អកឲ្យមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនថា “ជាបុរសរ៉ុកែ្កត”។

តាមសេចក្តីរាយការណ៍ លោក ត្រាំ បានប្រាប់អង្គការសហប្រជាជាតិ ដែលមានសមាជិកចំនួន១៩៣ថា សហរដ្ឋអាមេរិក មានកម្លាំង និងភាពអត់ធ្មត់ដ៏ខ្លាំងក្លា ប៉ុន្តែប្រសិនបើត្រូវបង្ខំដើម្បីការពារខ្លួនឯង ឬក៏សម្ពន្ធមិត្តរបស់ខ្លួន សហរដ្ឋអាមេរិក នឹងគ្មានជម្រើសអ្វីផ្សេង ក្រៅពីកម្ទេចកូរ៉េខាងជើងឲ្យខ្ទេចនោះទេ។

NKD-36x6_outline

ការថ្លែងបែបនេះរបស់លោក ត្រាំ បានធ្វើឲ្យកក្រើកដល់មេដឹកនាំពិភពលោក ដែលប្រជុំគ្នានៅក្នុងសាលមហាសន្និបាត ជាទីដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យមានជំនាញក្នុងការគ្រប់គ្រងកិច្ចការសាធារណៈ ដោយលោកមានប្រសាសន៍ថា “យើងមិនត្រូវមមើដើរតាមផ្លូវរបស់ខ្លួន ចូលទៅក្នុងសង្គ្រាមនោះទេ”។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្យាករអំពីការលំបាក សម្រាប់មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន និងបានចោទថាមេដឹកនាំ កូរ៉េខាងជើងរូបនេះ កំពុងបង្អត់បាយប្រជាជនខ្លួនឯង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា ការវាយប្រហារពាក្យសម្តី របស់ប្រធានាធិបតីអាមេរិកនេះ បានធ្វើឡើងបន្ទាប់ពីលោក បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដើម្បីពង្រីកទណ្ឌកម្មលើកូរ៉េខាងជើង និងគំរាមទៀតថា នឹងបំផ្លាញកូរ៉េខាងជើងទាំងមូល ប្រសិនបើអាមេរិក រងការគំរាមកំហែង។

ជាការឆ្លើយតប កូរ៉េខាងជើងបានប្រកាសភ្លាមៗថា ខ្លួនអាចធ្វើតេស្តសាកល្បងគ្រាប់បែក អ៊ីដ្រូសែនមួយផ្សេងទៀត នៅសមុទ្រប៉ាស៊ីហ្វិក។ ជាងនេះទៅទៀតលោក គីម ជុងអ៊ុន បានចោទប្រកាន់លោក ដូណាល់ ត្រាំ ថា បានបង្ហាញពីអាកប្បកិរិយា រារាំងខាងស្មារតីហើយ និងបានគំរាមកំហែង ត្រាំ វិញថា កូរ៉េខាងជើងនឹងសងសឹកវិញយ៉ាងធ្ងន់ធ្ងរបំផុត៕ ម៉ែវ សាធី

...

Emad Hajjaj / Jordan

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print