អនុប្រធានមន្ទីរព័ត៌មានរាជធានី ប្រឈមមុខបណ្តេញចេញពីក្របខណ្ឌមន្ត្រីរាជការ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃុត សំខាន់ ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ បានបង្ហើបប្រាប់​អ្នកយកព័ត៌​មានកាសែតនគរវត្តថា លោកស្រី ឃុត សុភាព អនុប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ អាច​ប្រឈមនឹងការបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល បន្ទាប់ពីលោកបាន​ស្នើទៅ​ថ្នាក់​ដឹកនាំសាលារាជធានីភ្នំពេញ ឲ្យបញ្ចប់មុខងារ និងតួនាទីរបស់លោកស្រី ក្រោយរក​ឃើញ​នូវ​ចំណុចខ្វះខាតជាច្រើនដែលលោកស្រីអនុវត្តខុសលក្ខន្តិកៈមន្រី្តរាជការ ហើយណែនាំមិនស្តាប់ ។
លោក ឃុត សំខាន់ បង្ហើបថា ចំណុចខ្វះខាតទាំងនោះ មានដូចជា ទី១ លោកស្រីមិនមាន​ទំនួល​ខុសត្រូវក្នុងការងារ ទី២ លោកស្រីខ្វះក្រមសីលធម៌ក្នុងការងារ និងទី៣ គឺមិនមានភាព​ស្មោះត្រង់ចំពោះស្ថានប័នតែម្ដង ដូច្នេះហើយដោយសារអស់លទ្ធភាពក្នុងការអប់រំ ទើបលោកចុះហត្ថលេខានៅថ្ងៃសៅរ៍ ដោយមិនទាន់ចុះលេខា ថ្ងៃ ខែ ឆ្នាំ ប៉ុណ្ណោះ(ខុសថ្ងៃរដ្ឋបាល)ប៉ុណ្ណោះ។
ក្នុងករណីនេះលោក ឃុត សំខាន់បានជម្រាបទៅលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌​មាន ថាលោកស្រី ឃុត សុភាព បានប្រព្រឹត្តកំហុសឆ្គងដោយចេតនាពីរទៅបីដង ហើយមិនកែប្រែខ្លួនឡើយ បើទោះបីជាគណៈនាយកមន្ទីរព័ត៌មាន បានអញ្ជើញគាត់មក​ប្រជុំណែនាំ និងដាក់ពិន័យយ៉ាងណាក៏ដោយ ក៏គាត់នៅតែប្រព្រឹត្តកំហុសឆ្គងដដែល។
ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ដោយសារទឹកភ្លៀងលិចផ្លូវ លោកស្រី ឃុត សុភាព បានបង្ហោះហ្វេសប៊ុកដោយសរសេរថា «ពិតជាមានមោទនភាពណាស់ ដែលកើត​ជាខ្មែរ ទៅក្រៅប្រទេសម្តងៗ ស្ទើតែមិនហ៊ានថាមកពីណា ហើយជនជាតិអី។ នេះគ្រាន់តែភ្លៀង​ត្រឹម២ម៉ោងទេ។ សូមជាតិណាៗ កុំឱ្យកើតជាខ្មែរ ព្រោះមិនចង់មានមោទនភាពទេ» ។សម្តី នេះមិនត្រឹមតែប្រមាថមាក់ងាយពូជសាសន៍ខ្មែរប៉ុណ្ណោះទេ គឺថែមទាំងបានប្រើសម្ដី​អសុរស​ជេរស្ដីអ្នកចូលបញ្ចេញមតិ(comment) កែលម្អជាច្រើនថែមទៀតផង។ ក៏នៅមានរឿងរ៉ាវជា​ច្រើនទៀតដែលលោក ឃុត សំខាន់ និយាយថា លោកមិនបរិយាយអស់ក្នុងទង្វើប្រាសចាក ក្រមសិលធម៌​មន្រី្តរាជការរបស់លោកស្រី ឃុត សុភាព ។
យ៉ាងណាលោកថាជា​ជំហានដំបូងនេះ លោកគ្រាន់តែស្នើឱ្យដកតំណែងតែប៉ុណ្ណោះ ប៉ុន្តែក្នុង​ករណី ដែលលោកស្រី​នៅតែបន្តធ្វើសកម្មភាពខុសឆ្គងទៀតដដែលជាដដែលទើប​លោកសម្រេចចិត្តស្នើបណ្តេញចេញពីក្របខណ្ឌរដ្ឋតែម្តង។

កាសែតនគរវត្ត មិនអាចទំនាក់ទំនងសុំការពន្យល់ពីលោកស្រី ឃុត សុខភាព ក្នុងករណីនេះ​បានទេ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញនេះ ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print