រថយន្តសាំយ៉ុងបុករះម៉ូតូ៣គ្រឿងបណ្តាលឲ្យស្លាប់២នាក់របួសធ្ងន់២នាក់នៅក្នុងស្រុកស្ទោង

ចែករំលែក៖

ខេត្តកំពង់ធំ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។

a5

កាលពីវេលាម៉ោង ៣និង៣០នាទី នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ បណ្តាលមកពីរថយន្តសាំយ៉ុងមួយគ្រឿង បានបើកបុករះម៉ូតូ៣គ្រឿង បណ្តាលឲ្យមានមនុស្សស្លាប់ភ្លាមៗនៅនឹងកន្លែងចំនួន២នាក់ និងរបួសធ្ងន់ស្ថិតក្នុងអាការៈគួរអោយព្រួយបារម្ភណ៍ចំនួន២នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកស្ទោងដើម្បីជួយសង្រ្គោះអាយុជីវិត ។

យោងតាមប្រភពព័ត៌មាន ពីអ្នកដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តសាំយ៉ុង មួយគ្រឿង ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ2Q-5138 បានបើកបរពីទិសខាងជើងទៅទិសខាងត្បូង ក្នុងទិសដៅបញ្ជ្រាសទិស គ្នាពីស្ទោងទៅកំពង់ធំ ក្រោយមកតៃកុងឡានសាំយ៉ុងបាន បើករ៉េចង្កូតហើយជ្រុលទៅបុកជាមួយម៉ូតូ យ៉ាងពេញទំហឹង បណ្តាលឲ្យមានមនុស្សស្លាប់ភ្លាមៗ២នាក់ ក្រោយមក តៃកុងរថយន្តឃើញសភាពការណ៍មិនស្រួល ក៏បានរត់គេចយករួចខ្លួនសិន ។

លោកវរៈសេនីយ៍ត្រី យ៉ង សំ អធិការស្រុកស្ទោង បានឲ្យដឹងថា ក្រោយពីកើតហេតុ សមត្ថកិច្ចប៉ូលិសចរាចរណ៍ នៃអធិការស្រុកស្ទោង បានដឹកនាំកម្លាំងចុះទៅកន្លែងហេតុ ដើម្បីជួយធ្វើអន្តរាគមន៍ ដឹកអ្នករបួស និងចាត់ចែងទុកដាក់ សពដើម្បីប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី សម្រាប់រថយន្ត និងវត្ថុតាង ត្រូវបាននាំយកមក រក្សាទុកនៅអធិការដើម្បីឲ្យតំណាងភាគីទាំងសងខាង ចូលមកដោះស្រាយតាមនិតិវិធីនៃច្បាប់ ។

លោកបានបញ្ជាក់ថា សម្រាប់តៃកុងឡាន សមត្ថកិច្ចកំពុងតែដុតដៃដុតជើង ស្រាវជ្រាវរកមុខសញ្ញាឲ្យឃើញដើម្បីឲ្យចូលមកដោះស្រាយតាម ផ្លូវច្បាប់ រីឯកអ្នករបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមានទី១ឈ្មោះ ឆៃ ម៉េង ភេទប្រុស ​អាយុ២៣ឆ្នាំ (ស្លាប់) រស់​នៅឃុំបន្ទាយស្ទោង ទី២ឈ្មោះ យោត រី ភេទប្រុស អាយុ២៧ឆ្នាំ (ស្លាប់) រស់នៅឃុំជាមួយគ្នា ទី៣ឈ្មោះ ឡាំ ស្រីរ័ត្ន អាយុ១៩ឆ្នាំ រស់នៅឃុំចំណាក្រោម (របួសស្រាល) ទី៤ឈ្មោះ អាន សៀងហៃ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅឃុំសព្រោជ(របួសធ្ងន់) រស់នៅស្រុកស្ទោងទាំងអស់ ។

លោក អធិការបានបង្ហើបថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពី រថយន្តសាំយ៉ុង បែកកង់មុខក៏ជ្រុលទៅបុកម៉ូតូតែម្តង ៕

a4 a1 a3 a2 a6

...

ដោយ៖ ប៊ុន​រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print