ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យគ្រឿងញៀនម្នាក់ធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀនខុសច្បាប់យ៉ាងសកម្មនៅចំណុចមាត់ស្ទឹងសិរីសោភ័ណ និងនៅចំណុចរ៉ារថភ្លើង ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ចេញបង្ក្រាបចាប់ឃាត់ខ្លួន និងឆែកឆេរដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន១៥កួនថង់ស្មើនឹង៣.១ក្រាម ។
ជនសង្ស័យបន្ទាបប់មកត្រូវបានសមត្ថកិច្ចចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីយកមកសាកសាកសួរ និងចាត់ចែងតាមនីតិវិធី ។ ជនសង្ស័យមានឈ្មោះ ចាត ទាវ ភេទប្រុស អាយុ២៣ឆ្នាំ ប្រកបមុខរបរជាងដេរស្បែកជើង បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនីតិវិធីប្រតិបត្តិការបង្ក្រាបពីលោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
កម្លាំងនគរបាលការិយាល័យជំនាញចេញប្រតិបត្តិការបង្ក្រាបជសង្ស័យគ្រឿងញៀន ខាងលើដោយអនុវត្តផែនការនិងបទបញ្ជាដោយលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការ នគរបាលខេត្ត ក្នុងកិច្ចប្រជុំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ និងក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌ។
លោកវរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តប្រាប់ឱ្យដឹងថា កម្លាំងនគរបាលនៃការិយាល័យជំនាញបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យ បានសម្រេននៅពេលនេះដោយសមត្ថកិច្ចធ្វើការតាមដានស្រាវជ្រាវស៊ើបអង្កេតប្រើប្រាស់រយៈពេលជិត១សប្តាហ៍ហើយឈានដល់កំណត់មុខសញ្ញាជនសង្ស័យបន្ទាប់មកបានឃើញជនសង្ស័យឈ្មោះ ចាត ទាវ ជិះម៉ូតូមកណាត់ជួបគ្នាហើយដោះដូរថ្នាំញៀននៅចំណុចមាត់ស្ទឹងសិរីសោភ័ណ ក៏ត្រូវបានសមត្ថកិច្ចតាមបង្ក្រាបចាប់ឃាត់ខ្លួនបានតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យប្រាប់ឱ្យដឹងថាថ្នាំញៀនខាងលើខ្លួនគេទិញយកមកលក់ឱ្យអតិថិជន របស់ខ្លួនក្នុងតម្លៃ១កូនថង់៥ម៉ឺនរៀល ជនសង្ស័យរូបនេះគេមានការលាក់លៀមមិនឆ្លើយសារភាពប្រាប់សមត្ថកិច្ចពីអ្នកនៅពីក្រោយខ្នងសម្រាប់ផ្គត់ផ្គង់ថ្នាំញៀនឱ្យរូបគេនោះទេ។ ក៏ប៉ុន្តែសមត្ថកិច្ចនិងកំពុងបន្តតាមដានស្រាវជ្រាវស៊ើបអង្កេតស្វែងរកចាប់ឃាត់ខ្លួន មេខ្លោងគ្រឿងញៀនដែលផ្តល់ថ្នាំញៀនឱ្យជនសង្ស័យខាងលើដើម្បីយកមកផ្តន្ទាទោសតាមផ្លូវ ច្បាប់ បន្ថែមទៀត។ ជនសង្ស័យឈ្មោះ ចាត ទាវ និងវត្ថុតាងថ្នាំញៀន នៅព្រឹកថ្ងៃទី១៥ ខែតុលា នេះ ត្រូវបានកម្លាំងការិយាល័យជំនាញចាប់បញ្ជូនទៅកាន់តុលាការយកទៅចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សំ វិច្ឆិកា