ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងអាវុធហត្ថខណ្ឌចំការមនដេញតាមចាប់បានភ្លាមៗ បន្ទាប់ពីឆក់ទូរស័ព្ទដៃម៉ាកSamsung Galazy A5 ពីជនបរទេស២នាក់ប្តីប្រពន្ធនៅមុខភោជនីយដ្ឋាន ង៉ន ។
ហេតុការណ៍នេះកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥តាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ផល ផានិត ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនមួយ ស្នាក់នៅផ្ទះជួលម្តុំផ្លូវរថភ្លើងជិតទួលគោក ។
បើតាមប្រភពពត៌មានពីអាវុធហត្ថខណ្ឌចំការមនបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនបរទេស២នាក់ជាប្តីប្រពន្ធបានដើរចេញពីភោជនីយដ្ឋាន ង៉ន ដើរបណ្តើរនិយាយទូរស័ព្ទដៃបណ្តើរ ក៏ស្រាប់តែពេលលិចមុខជនសង្ស័យម្នាក់បានជិះម៉ូតូតែឯងក៏បានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ ពេលនោះជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធក៏ស្រែកឱ្យគេជួយ ពេលនោះដោយមានកម្លាំងអាវុធហត្ថខណ្ឌចំការមនកំពុងជិះល្បាតនៅជិតនោះក៏បានឮ និងឃើញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CZ-4489 ម្នាក់ឯង ក៏ជិះដេញតាមជនសង្ស័យរហូត ពេលនោះជនសង្ស័យក៏បានដួលម៉ូតូក៏ត្រូវប្រជាពលរដ្ឋដែលនៅម្តុំនោះស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងយ៉ាងចាស់ដៃ ហើយក៏ត្រូវកម្លាំងអាវុធហត្ថខណ្ឌចំការមនធ្វើការឃាត់ខ្លួនបានតែម្តង ។
ក្រោយកើតហេតុជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថខណ្ឌចំការមន និងវត្ថុតាងត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកទូរស័ព្ទដៃត្រូវបានប្រគល់ឱ្យជនរងគ្រោះវិញ ៕
ដោយ៖ ស រស្មី