ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុម បានធ្វើសកម្មភាពគាស់បង្អួចផ្ទះអ្នកភូមិម្នាក់ លួចយកទ្រព្យសម្បតិ្ត (មាស និងលុយ) យ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងកណ្ដាលថ្ងៃ នៅស្រុកបាកាន ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ១ និង២០នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ កែវ សុគីន ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកងកម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថមូលដ្ឋានស្រុកបាកានបានឲ្យដឹងថា ក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពខណៈដែលម្ចាស់ផ្ទះរវល់ ដោយស្រ្តីម្ចាស់ផ្ទះ(កែវ សុគីន)មកលក់សាច់ជ្រូកនៅ(ផ្សារបឹងខ្នារ) ចំណែកគ្រួសារគាត់រវល់មកខេត្តពោធិ៍សាត់ហើយកូនក៍ទៅរៀន លុះនៅពេលកូនត្រឡប់មកពីរៀនវិញទើបក្រឡេកឃើញបង្អួចផ្ទះរបើក មានការសង្ស័យទូរស័ព្ទប្រាប់ឪពុកម្ដាយក៍បង្កការភ្ញាក់ផ្អើលឡើងតែម្តង។
ប្រភពព័ត៌មានខាងលើបន្តថា ទ្រព្យសម្បាតិបានបាត់បង់រួមមាន.ខ្សែកលោហៈធាតុ ពណ៏លឿងចំនួន ៣ខែ្ស បន្ទោងលោហៈធាតុ ពណ៏លឿងចំនួន ១ កងដៃលោហៈធាតុ ពណ៏លឿងចំនួន ១ ស្មើរនឹង ២តម្លឹង ចិញ្ចៀនពេជ្រចំនួន ១វង់ ចិញ្ចៀនលោហៈធាតុ ពណ៏លឿងចំនួន ១វង់ បាក់រៀលចំនួន ១០,០០.០០.០០រៀល ប្រាក់ដូល្លារចំនួន ៤,២៨០$ ប្រាក់អូស្រ្តាលីចំនួន ១៦០$ ប្រាក់បាតចំនួន ១,៨០០០បាត កាត(ATM)ចំនួន ២សន្លឹក សៀវភៅធានាគារចំនួន ១ក្បាល និងអត្តសញ្ញាណជាតិខ្មែរចំនួន ១សន្លឹក។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះករណីខាងលើនេះកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុក.ខេត្តកំពុងមមាញឹកហើយបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវជុំវិញទីនោះចាប់យកវត្ថុតាងនានា ក្នុងការបើកការសើបអង្កេតជុំវិញបញ្ហានេះបន្ត ៕ បឹុម ពិន