តុលាការ​កំពូល​ កាត់ទោស​អតីត​ឧត្ដម​សេនីយ៍​ឯក​ ឈឿន​ ចាន់​ថន​ ដើម​ខែ​តុលា​នេះ

ចែករំលែក៖

ភ្នំពេញ​៖​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែ​តុលា​ ខាងមុខ​នេះ​ នឹង​កាត់​ទោស​អតីត​ឧត្ដម​សេនីយ៍​ឯក​យោធា​ ឈឿន​ ចាន់​ថន​ ​ បន្ទាប់​ពី​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​១៦ឆ្នាំ​ ។

មន្ត្រី​តុលាការ​ ថ្លែង​ថា​ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ ឃឹម​ ប៉ុណ្ណ​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​លោក​ ឌុន​ គឹម​សន​ ជា​តំណាង​មហា​អយ្យការ​ ។

លោក​ ពុធ​ ធាវី​ មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ​ ថ្លែង​ថា​ ជនជាប់ចោទ​ឈឿន​ ចាន់​ថន​ ហៅ​ម៉ៅ​ អាយុ​៤១ឆ្នាំ​ ជាប់​ចោទ​ពី​បទ​”រំលោភ​លើ​ទំនុក​ចិត្ត​ ,​ បំផ្លិចបំផ្លាញ​ដោយ​ចេតនា​ ,​ គៃ​បំបាត់​ដោយ​ទុច្ចរិត​ ,​ លក់ដូរ​និង​ចែកចាយ​អាវុធ​ ,​ បំផ្លិចបំផ្លាញ​នូវ​សម្ភារៈ​យោធា​សម្រាប់​បម្រើ​ការ​ប្រយុទ្ធ​និង​ខ្វះ​ស្មារតី​ទទួល​ខុសត្រូវ​ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង​អង្គភាព​”ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ​ ក្នុង​ឆ្នាំ​២០០៧​ តាម​មាត្រា​៦០១​ មាត្រា​៤៤៧​ មាត្រា​៣៩២នៃ​ក្រម​ព្រហ្មទណ្ឌ​ មាត្រា​២០​នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​និង​គ្រាប់​រំសេវ​ និង​ មាត្រា​៩​នៃ​ក្រឹត្យ​ច្បាប់​លេខ​០៤​ឆ្នាំ​១៩៨១​ ។

គួរ​បញ្ជាក់​ថា អតីត​ឧត្តមសេនីយ៍​​ឯក​ឈឿន​ ចាន់​ថន ហៅម៉ៅ មេ​បញ្ជា​ការ​កង​​​អង្គ​រក្ស​​សម្តេច​អគ្គ​មហា​ធម្មពោធិសាលជា ស៊ីម ​​បាន​ត្រូវ​​​​កម្លាំង​កង​រាជអាវុធហត្ថ​​​ចាប់ខ្លួន​ ​កាលពី​​ព្រឹក​ព្រលឹម​ថ្ងៃទី​​​១៣ ខែ​សីហា ឆ្នាំ​២០១១ ​រួមជា​មួយ​​អង្គ​រក្ស​​​​​​​​​៣​នាក់​ផ្សេង​ទៀត​​នៅក្នុង​​ភូមិ​គ្រឹះ​​តម្លៃ​ជិត​១​លាន​ដុល្លារ​ ​លេខ​​៦៥ ផ្លូវ​លេខ​​៩៥ សង្កាត់​​បឹង​​កេង​កង​ទី​៣ ខណ្ឌ​ចំការ​មន ។ ​ការ​ចាប់ខ្លួន​​​​គួរ​​​ឱ្យភ្ញាក់​ផ្អើល​​នេះ គឺ​បន្ទាប់​ពីមាន​ព្រះ​រាជ​ក្រឹត្យ​​​ដក​​ហូត​​​ឋាន​ន្តរស័ក្តិ​​ និង​តួនា​ទី​​​ដែល​ឡាយ​​ព្រះ​ហស្ត​​​េលខា​ដោយ​​ព្រះមហា​ក្សត្រ​​កាល​ពីថ្ងៃទី​១២ ខែ​សីហា ​ឆ្នាំ​២០១១​មាន​​ន័យ​ថា ការ​ចាប់ខ្លួន​នេះ​ធ្វើ​បន្ទាន់តែ​ម្តង។ ​​ជាមួយគ្នា​នេះ ​ក៏​មាន​អនុក្រឹត្យ​​តែង​តាំង​​​លោក​ឧត្តម​សេនីយ៍​​ឯកយឹម លាង ​ឱ្យ​ទទួល​តំណែង​​ជា​មេ​បញ្ជា​ការ​កង​​អង្គ​រក្ស​​ជំនួស​វិញ​​​៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print