ភ្នំពេញ៖ ដើម្បីធានាបាននូវគុណភាពការងាររដ្ឋបាលទូទៅ ការងារគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សង្គម និងដោះស្រាយបញ្ហាប្រឈមបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ជាថ្មីម្តងទៀតលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានជុំរុញអោយចៅសង្កាត់ទាំង៨ត្រូវដោះស្រាយបញ្ហាប្រឈមជាបឋមជូនប្រជាពលរដ្ឋ សូមកុំបញ្ជូនបញ្ហាមកអោយថ្នាក់ខណ្ឌដោះស្រាយច្រើនពេក ព្រោះអស់លោកបានធ្វើជាចៅសង្កាត់ដោយសារមានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ ដូច្នេះហើយត្រូវបំរើប្រជាពលរដ្ឋវិញ..ដោយឡែកមន្ត្រីក្រុមការងារទទួលបន្ទុកអនុវត្តផែនការសកម្មភាពត្រូវ ធ្វើអោយបាន ធ្វើអោយលឿន និងធ្វើអោយមានតម្លារភាព ។
ប្រសាសន៍ដាស់តឿនក្រើនរំលឹកដល់លោកចៅសង្កាត់ក៍ដូចជាមន្ត្រីទទួលបន្ទុកអនុវត្តផែនការសកម្មភាពការងាររបស់រដ្ឋបាលខណ្ឌនេះ បានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលខណ្ឌ និងមានការចូលរួមពីមន្ត្រីក្រុមការងារក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌ មន្ត្រីទទួលបន្ទុកអនុវត្តផែនការសកម្មភាពគ្រប់ផ្នែក គ្រប់ការិយាល័យ ។
បន្ទាប់ស្តាប់របាយការណ៍លើកឡើងរបស់គណៈបញ្ជាការឯកភាពសង្កាត់ពីបញ្ហាប្រឈមនិងសំណូមពររបស់ប្រជាពលរដ្ឋ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានមានប្រសាសន៍ណែនាំដូច្នេះថា ពាក់ព័ន្ធការងារសន្តិសុខ សូមពង្រឹងការចុះធ្វើរដ្ឋបាលត្រួតពិនិត្យតំបន់ស្ម័គ្រស្មាញ តំបន់ដែលសំបូរបន្ទប់ជួល ពង្រឹងការងារត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យទីតាំងឃ្លាំងដែលទុកចោល ។ ចំពោះ
ការងារសណ្តាប់ធ្នាប់សាធារណៈ ត្រូវពង្រឹងបន្ថែមទៀតលើការរៀបចំសណ្តាប់ធ្នាប់ផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់ស្រុកកៀនស្វាយពិសេសតំបន់ផ្សារព្រែកឯង និងផ្លូវ៣៦៩ ការងារនេះត្រូវរួមគ្នាធ្វើជាប្រចាំនិងមួយផ្នែកទៀតត្រូវចលនាប្រជាពលរដ្ឋដែលរស់នៅអមសង្ខាងផ្លូវណែនាំពួកគាត់អោយចូលរួមជាមួយអាជ្ញាធរ គ្រប់ពេលចុះអនុវត្តការងារត្រូវមានកាយវិការទន់ភ្លន់ តែម៉ឺងម៉ាត់ អនុវត្តតាមគោលការណ៍ច្បាប់ជាប្រចាំ ។ ដោយឡែកការិយាល័យ
ភូមិបាល សូមពង្រឹងការងារគ្រប់គ្រងសំណង់ គ្រប់គ្រងព្រែក ប្រឡាយ ដោយកំណត់ព្រំនិងទំហ៊ំអោយបានច្បាស់លាស់ និងធ្វើរបាយការណ៍ជាក់លាក់បញ្ជូនមកគណៈអភិបាលដើម្បីរៀបចំឯកសារស្របទៅតាមគោលការណ៍ណែនាំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី ក៍ដូចជាគោលការណ៍ណែនាំរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ សំដៅគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋអោយមានប្រសិទ្ធភាព ។
លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា សូមអោយមន្ត្រីក្រុមការងារគ្រប់ផ្នែក គ្រប់ការិយាល័យត្រូវអនុវត្តភារៈកិច្ចស្របតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមគ្នាធ្វើអោយបាន ធ្វើអោយលឿន និងធ្វើអោយមានតម្លារភាព ដើម្បីបំរើសេវ៉ាគ្រប់ផ្នែកជូនប្រជាពលរដ្ឋ ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌក៍បានជុំរុញអោយមន្ត្រីក្រុមការងារត្រូវធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅដើម្បីអោយពួកគាត់បានយល់ពីរបៀបវេចខ្ចប់ទុកដាក់សំរាម និងចូលរួមសម្អាតបរិស្ថាន អនាម័យ អោយបានគ្រប់ៗគ្នាការពារសុខភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំលោកអភិបាលខណ្ឌសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចុះឈ្មោះរួចហើយត្រូវទៅពិនិត្យបញ្ជីរឈ្មោះបោះឆ្នោតឡើងវិញ ចំពោះអ្នកគ្រប់អាយុមិនទាន់បានទៅចុះឈ្មោះត្រូវទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ៕
ដោយ៖ សណ្តោស