ខេត្តមណ្ឌលគិរី ៖ មុខសញ្ញាជួញដូគ្រឿងញៀនសកម្មម្នាក់ត្រូវបានសមត្ថកិច្ចស្រុកកែវសីមាឃាត់ខ្លួនបាន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅមុខវត្តកែវសីមា ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ។
លោក ស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមា បានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកនឹងប៉ុស្តិ៍រដ្ឋបាលស្រែខ្ទុម បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈកំពុងធ្វើដំណើរតាមដងផ្លូវជាតិលេខ៧៦។
លោកអធិការបន្តថា ជនសង្ស័យមានឈ្មោះ តាំ រម្មី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិចាម មានទីលំនៅភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។វត្ថុតាងដែលរឹបអូសបានរួមមាន សារធាតុញៀនខុសច្បាប់ចំនួន៨កញ្ចប់ ដែលលាក់ទុកក្នុងកញ្ចប់បារី ទូរសព្ទដៃមួយគ្រឿង ម៉ូតូមួយគ្រឿង។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់ នឹងបញ្ជូនបន្តទៅសាលាដំបូងដើម្បីចាត់ការតាមនិតិវិធី ៕ ដោយ ៖ សាយប៉ូច