ខេត្តបាត់ដំបង ៖ អំពើប្លន់ប៉ុនប៉ងសម្លាប់មួយបានកើតឡើង នៅ ចន្លោះម៉ោង៩ និងម៉ោង១២ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្រុម១០ ភូមិអូសទូក ឃុំកំពង់ព្រៀងស្រុកសង្កែ ខេត្តបាត់ ដំបង។
សេចក្ដីរាយការណ៍បានអោយដឹងថា ស្ត្រីអ្នកលក់ដូរម្នាក់បានរងអំពើប្លន់ដោយក្រុមជនសង្ស័យមួយក្រុមបានប្រើវត្ថុរឹងវាយ ចំក្បាលពីក្រោយចំនួនបីកន្លែងបណ្ដាលឲ្យស្លាប់ ។
ស្ត្រីរងគ្រោះឈ្មោះឡា មួយ អាយុ៦៥ឆ្នាំ មានមុខរបរជាអ្នក លក់ជី រស់នៅកន្លែងកើតហេតុខាងលើ ។
ប្រភពពីលោក អ៊ុំ ប្រុសម្នាក់ ដែលបានជួបស្ត្រីរងគ្រោះនៅ មុនកើតហេតុបានឱ្យដឹងថា កាលពីព្រឹកម៉ោងជាង៨ គាត់មកទិញជីពីស្រ្តីរគ្រោះ យកទៅបាច ដាក់ស្រែ ពេលឡើងពីស្រែគាត់យកលុយមកសងម្ចាស់លក់ជីនៅម៉ោងប្រហែលជិត១២ ស្រាប់តែឃើញគាត់ដេកលើដី រត់ទៅហៅបងស្រីស្ត្រីរងគ្រោះដែលនៅឈៀងខាងមុខឆ្លងផ្លូវម្ខាងមកមើល ស្មានថាគាត់ខ្យល់គឬលើសឈាមដើរដួលស្លាប់ ក៏នាំគ្នាលើកស្ត្រីរងគ្រោះដាក់លើគ្រែ ដោយយកកន្សែងជ្រលក់ទឹកជូតខ្លួនមុខមាត់កន្លែងឈាម ។
លោកអ៊ុំបន្តថា ខណៈជូតសម្អាតនោះ ស្រាប់តែឃើញ មានស្លាកស្នាមបែកក្បាលផ្នែកខាងក្រោយ សនិដ្ឋានថាជារឿងផ្សេង បានរាយការណ៍ដល់សមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងបានសន្និដ្ឋានថា ជាអំពើប្លន់ប៉នប៉ងសម្លាប់ ដោយរកឃើញមានស្នាមរបួសត្រូវនឹងរបស់រឹងចំត្រង់ជើងសក់ថ្ងាសខាងស្តាំនិងត្រូវក្បាលពីក្រោយចំនួន៣កន្លែង ។
សពស្រ្តីខាងលើក្រុមគ្រួសារបានរៀបចំធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ រកដានមុខសញ្ញាដើម្បីតាមចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕ វិច្ឆិកា