ស្ថានទូតបារាំងនិងនៅស្ថាប័នផ្សេងៗទៀត រៀបចំទិវាបេតិកភណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានបើកទ្វារទទួលស្វាគមន៍សាធារណជនចូលទស្សនាដោយ​សេរី​​ជា​លើក​​ទី៣នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌ។ ទិវានេះត្រូ​វ​បាន​ប្រារព្ធ​ឡើង​អស់​រយ:​ពេល​​​​ជាង​៣០​ឆ្នាំ​មកហើយនៅ​ប្រទេសបារាំង និងបណ្តា​ប្រទេស​​ជា​ច្រើនទៀតលើពិភព​លោក ​ដើម្បីអនុញ្ញាតឲ្យ​​សា​ធារ​ណ​ជនទូទៅមានឱកាសចូលទស្សនាអគារឬទី​តាំង​នានា ដែល​ជា​ធម្ម​តាមិន​ត្រូវ​បាន​បើកជាសាធារណ: ឬមានការរឹតត្បិតក្នុងការចូលទស្សនា ។
នៅក្នុងស្ថានទូតបារាំង ភ្ញៀវទាំងអស់អាចចូលទស្សនាអគារស្ថានទូត រួមទាំងនិវេសនដ្ឋានរបស់លោកស្រីឯក​អគ្គរដ្ឋទូត ជាពិសេសឧទ្យាន​ដ៏ធំនិងស្រស់ស្អាត ដែលនៅទីនោះមានរក្សាទុកអតីតទ្វាររបងម្ខាងរបស់ស្ថានទូត។​ ប្រវត្តិទ្វារនេះត្រូវបានចងក្រងជាប្រលោមលោកដ៏ល្បីមួយ ដែលថ្មីៗនេះត្រូវបានយកទៅថតជាខ្សែភាពយន្តស្តីពីព្រឹត្តិការណ៍ខែមេសា ឆ្នាំ១៩៧៥។
ស្ថានទូតបារាំងប្រចាំកម្ពុជាត្រូវបានជួសជុលឡើងវិញទាំងស្រុងនៅចន្លោះពីឆ្នាំ១៩៩៣ដល់១៩៩៥ ដោយក្រុមហ៊ុនបារាំងមួយ ដែលបានកែលម្អតួអគារចាស់ៗសង់ក្នុងអំឡុងឆ្នាំ១៩៥០ ទៅជាបណ្តុំអគារថ្មីមួយមាន​​លក្ខ​ណ:​ស្អាតសមសួនជាមួយ​ទេសភាព​គួរឲ្យចង់គយ​គន់។

បន្ទាប់ពីជោគជ័យនៃការរៀបចំទិវាបេតិកភណ្ឌពីរលើកកន្លងទៅ អគារស្អាតៗផ្សេងទៀតក៏នឹងបើកទ្វារទទួលសាធារណជនចូលទស្សនាផងដែរនៅឆ្នាំនេះ ក្នុងនោះមាន ៖ សាលារាជធានីភ្នំពេញ ​និវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេស និវេសនដ្ឋានឯក​អគ្គរដ្ឋទូតអូស្ត្រាលី ការិយាល័យអង្គការយូណេស្កូ អគារទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនិងភោជ​នីយ​ដ្ឋាន VAN’S ព្រមទាំងសាលាបារាំងដេកាត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សអង្គរនៅសៀមរាប និងសណ្ឋាគារឡឺរ៉ូយ៉ាល់នៅភ្នំពេញនិងសៀមរាប។ បែបបទនិងម៉ោងពេលទស្សនាត្រូវបាន​កំណត់ដោយស្ថាប័ននីមួយៗ ដែលលោកអ្នកអាចចូលមើលបានតាមរយៈទំព័រហ្វេសប៊ុករបស់ទិវាបេតិកភណ្ឌ​នៅកម្ពុជា https://www.facebook.com/HeritageDayKH ៕ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print