ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនជ្រុលបុករថយន្ដសេរីទំនើបមួយគ្រឿងបណ្ដាលអោយរងរបួសបាក់ជើងម្ខាងត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុកនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីរវេលាម៉ោង២៣និង៤០នាទីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកជាបួនតាមបណ្ដោយផ្លូវលេខ១១៣ កែងផ្លូវលេខ២៣២ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដម៊ែសដេសសេរីទំនើបមួយគ្រឿងពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-6188 បើកបើកបរតាមបណ្ដោយផ្លូវលេខ១១៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនល្មម ពេលមកដល់ចំណុចកើតហេតុក៏ត្រូវម៉ូតូកែឆ្នៃមួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CE-4167 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៣២ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនជ្រុលបុកចំក្បាលរថយន្ដចំហៀងខាងស្ដាំបណ្ដាលដួលបោករងរបួសបាក់ជើងម្ខាង។
ប្រភពបានបន្តថា ក្រោយពីកើតហេតុរថយន្ដសង្គ្រោះបន្ទាន់បានទៅដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ ចំណែករថយន្ដនិងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕