ភ្នំពេញ៖ រថយន្តសាំយ៉ុងប៉ះជាមួយម៉ូតូគុបមូល បណ្តាលឲ្យបុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើករថយន្តក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង២រសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ រនៅចំណុចមុខសាលាសង្កាត់ព្រែកលៀប ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកលៀបបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើមានឈ្មោះ នូ ធួន អាយុ៤៨ឆ្នាំ ជាអាចារ្យវត្តវារិន្ទ ហៅវត្តព្រែកលៀប មានទីលំនៅក្បែរកន្លែងកើតហេតុ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកម៉ូតូម៉ាកគុបមូល ធ្វើដំណើរចេញពីផ្ទះក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់មុខសាលាសង្កាត់ព្រែកលៀបជនរងគ្រោះបម្រុងបើកម៉ូតូបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានរថយន្តម៉ាកសាំងយ៉ុងរពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2P-1654 បានដឹកអ្នកដំណើរចេញពីរាជធានីភ្នំពេញ មកដល់បុកពេញទំហឹងបណ្តាលឱ្យជនរងគ្រោះផ្លោងចេញពីម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែកម៉ូតូត្រូវរថយន្តអូសទៅមុខជាង៥០ម៉ែត្រក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្ត និងសពជនរងគ្រោះនៅកណ្តាលផ្លូវ។
រថយន្តនឹងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករងចាំដោះស្រាយគ្នាជាក្រោយ ចំណែកសពជនរងគ្រោះត្រូវបានបងប្អូនមកដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ