ខេត្តក្រចេះ៖ ជនសង្ស័យម្នាក់គឺត្រូវនគរបាលស្រុកចិត្របុរីចាប់ឃាត់ខ្លួន ក្រោយពីជនម្នាក់នេះបានធ្វើសកម្មភាពលួចម៉ូតូ របស់អ្នកស្រុកហើយបានយកទៅលក់ក្នុងតម្លៃ១លាន៤សែនរៀល ឱ្យទៅបុរសជាអ្នកភូមិរស់នៅក្បែរគ្នា ហើយត្រូវម្ចាស់ម៉ូតូប្រទះឃើញ ក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនសួរនាំតែម្តង។
នគរបាលស្រុកចិត្របុរីបានឱ្យដឹងថា ក្រោយពីចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់នេះគឺត្រូវនគរបាលស្រុក បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ដោយជាប់ពាក់ព័ន្ឋនិងអំពើរលួច។
ជនសង្ស័យម្នាក់នេះឈ្មោះ ប៉ោត ហេង ហៅប៉ាវ អាយុ២៧ឆ្នាំ រស់នៅភូមិវាលសំបូរ ឃុំឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះ ហើយជនម្នាក់នេះគឺជាមុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាពលួចម៉ូតូរបស់អ្នកភូមិជាញឹកញាប់។
លោកអនុសេនីយ៏ឯក ស្រ៊ឺ ជាលី អធិការរងនគរបាលស្រុកចិត្របុរី បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៤ខែតុលា ជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះ ម៉ូយ ធា អាយុ៣២ឆ្នាំ រស់នៅភូមិខ្នាច ឃុំថ្មី ស្រុកចិត្របុរី បានមកប្តឹងសមត្ថកិច្ចថា រូបគេបានប្រទះម៉ូតូរបស់គេដែលបានបាត់អស់ជាច្រើនថ្ងៃ នៅផ្ទះអ្នកភូមិម្នាក់ឈ្មោះ យ៉េត យ៉ោម ។ លោកថា ពេលនោះលោកបាននាំ កម្លាំងរបស់លោក ចុះទៅសួរនាំ ហើយបុរសម្នាក់នេះ បាននិយាយថា រូបគេបានទិញម៉ូតូនេះពីឈ្មោះ ប៉ោត ហេង ហៅប៉ាវ ក្នុងតម្លៃ១លាន៤សែនរៀល និងមិនមានធ្វើក្រដាស់ស្នាមអ្វីទាំងអស់។
លោកអធិការរងបានបញ្ជាក់ថា ក្រោយពីសាកសួរនិងដឹងមុខសញ្ញាច្បាស់ សមត្ថកិច្ចក៏ឈានទៅចាប់ខ្លួនជនសង្ស័យម្នាក់នេះឈ្មោះ ប៉ោត ហេង ហៅប៉ាវ ហើយជននេះបានសារភាពរូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូអ្នកស្រុកពិតប្រាកដមែន។ ចំណែកម៉ូតូដែលសមត្ថកិច្ចដកហូតយកមកវិញនោះ ត្រូវបានប្រកល់ទៅឱ្យម្ចាស់ដើមវិញ៕
ដោយ៖ កោះទ្រុង