ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន បញ្ជាឲ្យមន្រ្តីក្រោមឱវាទរបស់ខ្លួន ត្រូវចុះពិនិត្យមើល ប្រឡាយទឹកឡើងវិញ ដោយកំណត់ ពីទំហំប្រឡាយឲ្យបានត្រឹមត្រូវ និងមន្ត្រីជំនាញ ពាក់ព័ន្ធ ទាំងអស់នោះ ត្រូវចេះតែរក្សាការពារឲ្យបានខ្ជាប់ខ្ជួន ជៀសវាងកុំឲ្យមានអ្នករំ លោភយកប្រឡាយ និងបឹងបន្ដទៀត ពិសេស មន្ទីធនធាន ទឹក រាជធានីភ្នំពេញ មិនត្រូវកឹបកេញ និងឃុបឃិតលួចស៉ីគម្រោងដូចសព្វថ្ងៃនេះទៀត។ លោកឃួង ស្រេង បាន បញ្ជាក់បែបនេះ ក្នុងពិធីតែងតាំង អភិបាល ខណ្ឌសែនសុខ និងអភិបាលរងខណ្ឌចំនួន៦ កាលពីរសៀលថ្ងៃទី ០២ តុលា ឆ្នាំ២០១៧ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ខ្ញុំបាននិយាយជាលើកទី៣ហើយ! ត្រូវបញ្ជូនអ្នកច្ចេកទេសទៅវាស់មើល កំណត់ទំហំប្រឡាយ និងត្រូវលើកប៉ាណូថាប្រឡាយនេះមានទំហំប៉ុណ្ណា ដើម្បីឲ្យពលរដ្ឋបានដឹង ពីគម្រោងរបស់ អាជ្ញាធរ ដោយត្រូវបោះបង្គោលឡើងវិញ។ នេះជារឿងដែលយើងត្រូវធ្វើ បើយើងមិនធ្វើបន្តិចទៀត ទីក្រុងយើង មានមនុស្សមកស្នាក់នៅ កើនឡើងដល់៥លាននាក់ តើរំដោះទឹករួចដែរទេ ។ លោកបានបន្ថែមថា៖ មន្ត្រីដែល ពាក់ព័ន្ធគួរតែគិតនាំគ្នាអនុវត្តឲ្យវបានទាំងអស់គ្នា និងជួយគ្នាស្វែងរកវិធីសាស្ត្រក្នុងការដោះស្រាយ ដើម្បីធ្វើយ៉ាងណាឲ្យមានភាពប្រក្រតីរបស់ប្រឡាយទឹក នៅក្នុងរាជធានីភ្នំពេញ។
លោកបានរំលឹកថា៖ កាលពីចុងសប្ដាហ៏កន្លងទៅនេះលោកបានចុះពិនិត្យ ប្រឡាយមួយចំនួន ឃើញថា ប្រឡាយនិង លូមួយចំនួនពិតជាត្រូវបាន ប្រជាពលរដ្ឋរំលោភ យក ធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន ហើយបញ្ហានេះ អាជ្ញាធររាជ ធានីភ្នំ ពេញ ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋកំពុងតែធ្វើការដោះស្រាយយ៉ាងស្រស្រាក់ស្រស្រាំផងដែរ ។
ពាក់ព័ន្ធនិងបញ្ហានេះ លោក ឃួង ស្រេង ក៏បានជម្រុញឲ្យមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្រង់ស្ថិតិឲ្យបានច្បាស់លាស់ ចំពោះ ប្រជាពលរដ្ឋ និងអ្នកមានប្រាក់ មួយចំនួន ដែលរំលោភយកដីចំណីប្រឡាយ ចាក់ដីក្នុងប្រឡាយនិងបញ្ជាក់ពីទំហំប្រឡាយឲ្យបានច្បាស់ ពីចំណុច មួយទៅចំណុចមួយ ផ្ញើរ ទៅឲ្យលោកជាបន្ទាន់ ដើម្បីឲ្យលោកអាចជម្រុញការងារនេះបានលឿន បំពេញទៅតាមសំណូមពរ ដែលប្រជាពល រដ្ឋចង់បាន។
មន្រ្តីសាលារាជធា នីភ្នំពេញ បានបញ្ជាក់ថា៖ បញ្ហាទឹកលិច នៅតំបន់នោះ បណ្ដាលមកពីមានភាពមិនប្រក្រតីមួយចំនួន ដោយសារតែមានការរំលោភកេងយកដីមាត់ ប្រឡាយ ពិសេសអ្នកសាងសង់បុរីលក់នៅតំបន់ប្រឡាយបារាំង ក្នុងខណ្ឌសែនសុខ ដែលធ្វើឲ្យផ្លូវលេខ២០០៤ ផ្លូវដួងងៀប ផ្លូវក្រវ៉ាត់ក្រុងទី២ តំបន់ភូមិសាស្ត្រទឹកថ្លា និងតំបន់ភូមិសាស្ត្រខាងកើត និងខាងត្បូងព្រលាន យន្តហោះ ទទួល រងការលិចលង់ជារឿយៗ ពេលមានភ្លៀងធ្លាក់ខ្លាំង។
លោក ឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ ពាក់ព័ន្ធ និងមន្រ្តីសាធារណការ ប្រចាំរាជធានីភ្នំពេញ ត្រូវប្រញាប់ ចុះត្រួត ពិនិត្យនៅតាមបណ្ដោយ ប្រឡាយ បារាំង ដើម្បីពិនិត្យ បច្ច័យឲ្យបានល្អិតល្អន់ មុននឹងបើកដំណើរការជីកដីដាក់លូថ្មីរំដោះទឹកជំនន់ និងពន្យល់ប្រាប់ប្រជាពលរដ្ឋនៅតាមចញ្ចើមផ្លូវ និងនៅក្នុងបុរីភ្នំពេញថ្មី ខណ្ឌសែនសុខ សូមមានការ យោគ យល់ដល់ក្រុមការងារផង នៅពេលដំណើរការដាក់ លូមេ ៕ សំរិត