ទោះបីមានបច្ចេកវិទ្យាទំនើប ប្រព័ន្ធរ៉ាដា ឧបករណ៍រុករកទាំងនៅក្នុងបាតសមុទ្រនិង នៅលើដីក៏មិនអាចរកឃើញយន្តហោះដែលបាត់ខ្លួនជាង៣ឆ្នាំកន្លងមក។ ទាំងនោះជាការបរាជ័យមួយយ៉ាងធំធេងក្នុងរបស់ពិភពលោក សម័យកាលបច្ចេកវិទ្យាទំនើប ។
ប្រទេសអូស្ត្រាលីដើរតួនាទីយ៉ាងសំខាន់នៅក្នុង ការរុករកនោះបានចេញរបាយការណ៍ចុងក្រោយ របស់ខ្លួន ដោយបញ្ជាក់ពីការបរាជ័យក្នុងការស្វែងរកយន្តហោះនិងអ្នកដំណើរជាង២០០ដែលបាត់ខ្លួន។ តាមការងារស្រាវជ្រាវអូស្ត្រាលី ដែលសហការក្នុងការរុករកយន្តហោះ ម៉ាឡេស៊ី ជើងហោះហើរលេខ MH370 ដែលបានបាត់កាលពីឆ្នាំ២០១៤នោះ ទើបបានចេញរបាយការណ៍ចុងក្រោយ របស់ខ្លួន នៅថ្ងៃអង្គារ ទី៣ តុលានេះ។ យោងតាមរបាយការណ៍នេះ ក្រុមការងារអូស្ត្រាលី បានត្រឹមតែបញ្ជាក់ ពីបរាជ័យ ក្នុងការរុករកយន្តហោះនេះ តែប៉ុណ្ណោះ។ សម្រាប់ក្រុមការងារ វាគឺជារឿងមួយ មិនអស់ចិត្តសោះ និងមិនអាចទទួលយកបានទេ ដែលយន្តហោះមួយទាំងមូល បាត់ស្រមោលឈឹងសូន្យបែបនេះ។
យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុន Malaysia Airlines ជើងហោះហើរលេខ MH370 បានបាត់ដំណឹងនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៤ ដោយនាំយកទៅជាមួយ នូវជីវិតមនុស្សចំនួន២៣៩នាក់។ យន្តហោះដ៏ទំនើប ប្រភេទBoeing777 បាត់ស្រមោលឈឹងសូន្យ ដោយគ្មានទុកដានបែបនេះ គឺជារឿងមួយដ៏អាថ៌កំបាំងបំផុត ក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ស៊ីវីល។
ក្រុមការងារស្រាវជ្រាវអូស្ត្រាលី ATSB ដែលសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ទើបតែបានចេញរបាយការណ៍ចុងក្រោយបង្អស់របស់ខ្លួន ស្តីពីលទ្ធផលនៃការរុករកសាកសពយន្តហោះនេះ។ ក្រុមការងារនេះ គ្មានពាក្យអ្វីនឹងថ្លែងក្រៅ តែពីបញ្ជាក់ពីការអស់សង្ឃឹម ដែលការរុករក នៅតែបរាជ័យ អស់រយៈពេលជាង៣ឆ្នាំមកនេះ។
ក្រុមការងារ ATSB បានលើកឡើងថា ដ៏រាបណា នៅតែរកយន្តហោះមិនទាន់ឃើញ នោះគេមិនអាចសន្និដ្ឋានពីមូលហេតុពិតប្រាដក ដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះទេ។ បន្ថែមពីនេះ របាយការណ៍ដែលមានកំរាស់ ៤៤០ទំព័រនេះ បានបន្តថា វាជារឿងមួយដែលមិនគួរឲ្យជឿ មិនអាចទទួលយកបាន និងមិនអស់ចិត្តទាល់តែសោះ ដែលក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើប ក្នុងសតវត្សទី២១នេះ យន្តហោះធំ ដ៏ទំនើបមួយ បានបាត់ដានស្រមោល ដោយមិនអាចស្វែងរកឃើញបែបនេះ៕
ដោយ៖ មែវ សាធី