ភ្នំពេញ ៖ មេធាវី៥រូបតំណាងក្រសួងមហាផ្ទៃ ប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ទៅតុលាការកំពូល នៅព្រឹកថ្ងៃទី៦ ខែតុលា នេះ តាមបណ្តឹងរបស់គណបក្សនយោបាយចំនួនពីរ គឺគណបក្សយុវជនកម្ពុជា និងគណបក្ស ហ្វ៊ុនស៊ិនប៊ិចដោយសារលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានប្រព្រឹត្តអំពើក្បត់ជាតិ។
ថ្មីៗនេះគណបក្សនយោបាយចំនួនពីរ គឺ គណបក្សយុវជនកម្ពុជា និង គណបក្សហ៊្វុនស៊ិនប៉ិច បានប្តឹងទៅក្រសួងមហាផ្ទៃ ដើម្បីស្នើឱ្យមានការរំលាយគណបក្សសង្គ្រោះជាតិ ផងដែរ ដោយយោងតាមមាត្រា៦ មាត្រា៧ មាត្រា៣៨ និង មាត្រា៤៤នៃច្បាប់វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ។
បណ្តឹងជាបន្តបន្ទាប់នេះ ធ្វើឡើងក្រោយពីឃ្លីបវីដេអូផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មាន CBN របស់ប្រទេសអូស្រ្តាលី បញ្ចេញសម្តីរបស់លោកកឹម សុខា ថ្លែងក្នុងវេទិកាជួបជុំមួយ ដោយសារភាពថា បានទទួលបញ្ជា និង ការណែនាំពីសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមទម្រង់បដិវត្តន៍ពណ៌ ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និង ប្រទេសស៊ើប៊ី ។
សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា នៅភូមិគ្រឹះរបស់លោកនាខណ្ឌទួលគោក ហើយត្រូវបញ្ជូនទៅពន្ធនាគារត្រពាំងផ្លុង ដើម្បីបន្តនីតិវិធី ។
ក្រោយការសាកសួរជាបន្តបន្ទាប់ តុលាការសម្រេចចោទប្រកាន់លោកកឹម សុខា ពាក់ព័ន្ធអំពើក្បត់ជាតិ តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ ៕