ខេត្តកំពង់ឆ្នាំង ៖ ឪពុកម្តាយសែនតក់ស្លុតបំផុត នៅពេលដែលបាត់កូន តែមួយប៉ព្រិចភ្នែក ស្រាប់តែឃើញកូនលង់ទឹកស្លាប់នៅក្នុងអាងទឹកដែលមានកម្ពស់ជាង៦តឹក នៅក្នុងផ្ទះទៅវិញ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០១និង១០នាទីរសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ស្រ្តីឈ្មោះឆេង សំបូរ អាយុ៣៣ឆ្នាំ និងបុរសឈ្មោះប៉ិច សុភាព អាយុ៣៣ឆ្នាំ ត្រូវជាឪពុកម្តាយ ក្មេងរងបានឲ្យដឹងថា កូនប្រុសរបស់គាត់ មានឈ្មោះរ៉ាន់ សុវណ្ណវឌ្ឍនា អាយុ១ឆ្នាំ៤ខែ ជាកូនទី៣។
ប្រភពបន្តថា នៅមុនពេលកើតហេតុ គាត់បានរៀបចំដុតចង្រ្កាននៅក្បែរផ្ទះ ដោយមានកូនប្រុសរងគ្រោះនៅលេងក្បែរនោះដែរ។ ក្រោយពេលដែលគាត់រៀបចង្រ្កានរួច បានដើរទៅយកចំប៉ើងដើម្បីដុតចង្ក្រាន ។ ពេលទៅយកចំបើងរួចមកវិញ ស្រាប់តែបាត់កូនប្រុសរបស់គាត់ ពេលនោះគាត់ស្រែកហៅ និង ដើររក ក៍ប្រទះឃើញកូនប្រុសរបបស់គាត់លង់ទឹកអាង ដែលមានកម្ពស់ជាង៦តឹក បណ្តាលឲ្យស្លាប់បាត់ទៅហើយ ។ អាងទឹក ដែលកូនប្រុសលង់ស្លាប់នេះ គឺគាត់ធ្វើសម្រាប់ត្រាំដីឥដ្ឋយកមកធ្វើក្អមឆ្នាំង និងចង្រ្កានដែលអាងនោះមានទំហំបណ្តោយ១ម៉ែត្រកន្លះ ទទឹង១ម៉ែត្រ ជំរៅតែ៦តឹក។
ក្រោយពីឃើញហេតុការណ៍នេះ ក្រុមគ្រួសារបានរាយការណ៍ប្រាប់សមត្ថកិច្ច ក្រោយពីសមត្ថកិច្ចចុះពិនិត្យសាកសពរួចរាល់ហើយបានសន្និដ្ឋាន ក្មេងប្រុសរងគ្រោះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន និង ប្រគល់សពទៅឲ្យក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា