ប្រទេសចិន៖ នៅព្រឹកថ្ងៃទី១៦ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំវេទិកាស្តីពីការកាត់បន្ថយភាពក្រីក្រសកល និងការអភិវឌ្ឍឆ្នាំ២០១៥ ក្រោមប្រធានបទ ការអភិវឌ្ឍរួមតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់ភាពក្រីក្រ ។
នៅក្នុងឱកាសនោះ លោកប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) បានបង្ហាញឆន្ទៈមុះមុតចូលរួមលុបបំបាត់ភាពក្រីក្រ ជាពិសេសសំរាប់ប្រទេសដែលកំពុងប្រឈមនឹងភាពក្រីក្រ ។
លោកប្រធានាធិបតី បានបញ្ជាក់អំពីការប្រមូលធនធានមនុស្សក្នុងសង្គម ហើយផ្តល់ការអប់រំដល់ពួកគេឲ្យយល់ដឹងអំពីវិធីនានាក្នុងការលើកកម្ពស់ជីវភាព ដើម្បីឈានទៅរកការលុបបំបាត់ភាពក្រីក្រ។ ប្រទេសចិននឹងបន្តជួយដល់ប្រទេសកំពុងអភិវឌ្ឍរួមទាំងថវិកា និងការអភិវឌ្ឍធនធានមនុស្ស ដោយមានការចូលរួមទាំងអស់គ្នាដើម្បីពន្លឿនការកាត់បន្ថយភាពក្រីក្រលើពិភពលោកអោយបានឆាប់និងមានប្រសិទ្ឋិភាព ។
សម្តេចតេជោ ហ៊ុន សែន មានកិត្តិយសអញ្ជើញឡើងថ្លែងសុន្ទរកថាអំពីគន្លឹះសំខាន់ៗមួយចំនួនទាក់ទិនទៅនឹងការកាត់បន្ថយភាពក្រីក្រ ៕