ខេត្តពោធិ៍សាត់៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈពួកគេទាំង ២នាក់ជិះម៉ូតូលឿនដូចហោះ ក៏ជ្រុលចង្កូតបុករថយន្ដធុនធំចំពាក់កណ្ដាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលវេលាម៉ោង ១២.១២នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៧-១៦៨ ស្ថិតក្នុងភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរៈសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរ បានឱ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ម៉ៃ ភូថង ភេទប្រុស អាយុ ១៥ឆ្នាំ (ស្លាប់) ទី២-ឈ្មោះ សំ សុផន ភេទប្រុស អាយុ១៨ឆ្នាំ (រងរបួសធ្ងន់) ជនរងគ្រោះទាំង ២នាក់រស់នៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកអធិការបន្ដថា ជនរងគ្រោះទាំង ២នាក់បានធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D-9366 ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតមកបុករថយន្ដម៉ាក ហ្វុយសូ (FUSO) ចំពាក់កណ្ដាលខណៈរថយន្ដកំពុងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត បណ្ដាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែកខេត្តភ្លាមៗផងដែរ ។
លោកអធិការបន្ដទៀតថា រថយន្ដខាងលើម៉ាកហ្វុយសូ (FUOS) ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 3D-1050 ដឹកម៉ាស៊ីនច្រូតស្រូវចំនួន ២គ្រឿង ហើយវត្ថុតាងម៉ូតូ និងរថយន្ដត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រង់ចាំដោះស្រាយគ្នាតាមនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន