ភ្នំពេញ៖ ក្រោយប្រកាសថ្ងៃចាក់បញ្ចាំងជាផ្លូវការនៃរឿង”សសរកន្លោង” រួចមក ផលិតផលិតកម្ម ឥន្ទ្រានិម្មិត បានបញ្ចេញឈុតឆាកខ្លីរបស់រឿង(Trailer) ហើយ។ Trailer នេះបានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ព្រឺព្រួចភ័យរន្ធត់ និងធ្វើឲ្យទស្សនិកជនកាន់តែចង់ទស្សនាភាពយន្តនេះកាន់តែខ្លាំង។
រឿង “សសរកន្លោង”ប្រកាសថ្ងៃចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី៩ខែវិច្ឆិកាខាងមុខនេះក្រោយពីបញ្ចប់ការផលិតអស់ជាច្រើនខែ។ Trailer រយៈពេលជាងពីរនាទីដែលបានបង្ហោះលើគណនីយហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មខាងលើកន្ត្រាក់បានការចាប់អារម្មណ៍កាន់តែខ្លាំងពីទស្សនិកជន គឺមានអ្នកទស្សនាប្រមាណជិត១០ម៉ឺនដង មកហើយត្រឹមតែរយៈពេលមួយយប់។ ឈុតឆាកព្រឺរន្ធត់ ស្រៀវឆ្អឹងខ្នង ភ័យស្ទើលស់ព្រលឹង លាយឡំនឹងឈុតឆាកកំប្លែងរបស់តារាប្រុសស្រីល្បីឈ្មោះជាច្រើនរូបផងដែរ។
អ្នកស្រី ចាន់ណា សុខឃីម បានបញ្ជាក់ថាភាពយន្តនេះភាពយន្តនេះបាន សម្រិតសម្រាំងគ្រប់ផ្នែកទាំងរូបភាព សំឡេង និងបច្ចេកទេសដើម្បីប្រាកដថា នឹងមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ។ អ្នកស្រីថារឿងទីពីរបន្ទាប់ពីរឿង”កំណត់ហេតុនាងនាថ”នេះគឺជារឿងភ័យរន្ធត់ខ្លាំងដោយមានការច្នៃប្រឌិតរៀបចំឲ្យតួអង្គសម្តែងពិសេសតួខ្មោចគឺការតុបតែងប្លែកមានលក្ខណៈពិសេសនិងប្លែកមិនធ្លាប់មាន និងមានបញ្ចូលឈុតឆាកកំប្លែងជាច្រើន។ អ្នកស្រីបញ្ជាក់ដែរថាភាពយន្តទីពីរនេះទទួលបានការសសើរច្រើនពីមន្ត្រីក្រសួង និងម្ចាស់រោងភាពយន្តថាជារឿងប្លែកមិនធ្លាប់មានកន្លងមក ហើយវាគឺជាចំណុចដែលអ្នកស្រីដាក់ក្តីរំពឹងខ្ពស់ថានឹងអាចស្រូបទាញអ្នកទស្សនាជាច្រើនពេលចាក់បញ្ចាំងនៅពេលខាងមុខនេះ។
គួរបញ្ជាក់ដែរថា រឿង”សសររកន្លោង” បានចាប់ផ្តើមផលិតកាលពីអំឡុងខែ មីនា ឆ្នាំ២០១៧ ។ ភាពយន្តនេះនិយាយអំពីផ្ទះវិឡាមួយដែលសាងសង់នៅឆ្នាំ ១៩២៥ ហើយសមាជិកគ្រួសារបានចងក សម្លាប់ខ្លួននៅនឹងសសរកន្លោង ក្លាយទៅជាវិញ្ញាណខ្មោចតៃហោង កាចសាហាវ សណ្ឋិតនៅក្នុងសសរផ្ទះនោះរហូត ផ្ទះនោះត្រូវបានបន្សល់ទុករហូតដល់បច្ចុប្បន្ន ហើយត្រូវបានគ្រួសារ នាយវុធ ចូលទៅរស់នៅទីនោះ វិញ្ញាណតៃហោងបានចេញពីសសរ មកលងបន្លាច ភាពភ័យ ខ្លាច រន្ទត់ញាប់ញ័រ ក៏បានកើតឡើងចំពោះពួកគេ៕