ជនជាតិប៉ាឡេស្ទីនកាលពីថ្ងៃទី១៦ ខែតុលាបានដុតព្រះវិហាររបស់ជនជាតិជ្វីបនៅភាគខាងលិចក្នុងពេលដែលក្រុមអិស្លាមហាម៉ាសអំពាវនាវឲ្យក្រោកឈរឡើងប្រឆាំងនឹងកម្លាំងទាហានអ៊ីស្រាអែល។
មន្ត្រីរដ្ឋាភិបាលទីក្រុង Tel Aviv ឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនប្រមាណ១០០នាក់បាននាំគ្នាដង្ហែក្បួនទៅកាន់ព្រះវិហារ Joseph ស្ថិតនៅទីក្រុង Nablus ភាគខាងលិច ហើយប្រើប្រាសគ្រាប់បែកសាំងគប់ដុតព្រះវិហារខាងលើ មុនពេលកម្លាំងសន្តិសុខប៉ាឡេស្ទីនចូលទៅដល់រារាំង ។
កម្លាំងទាហានអ៊ីស្រាអែលបានប្រកាសថ្កោលទោសរាល់សកម្មភាពវាយប្រហារទៅលើទីសក្ការបូជា ហើយនឹងតាមចាប់ខ្លួនអ្នកដែលដុតព្រះវិហារខាងលើមកផ្តន្ទាទោសតាមច្បាប់ ។
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ក៏បានថ្កោលទោសអ្នកដុតព្រះវិហារខាងលើហើយបានចេញបញ្ជាឲ្យបើកការស្រាវជ្រាវស្វែករកចាប់ខ្លួនជនដៃដល់ ក៏ដូចជាជួសជុលការខូចខាតផងដែរ។ នៅក្នុងការប្រកាសចេញពីការិយាល័យប្រធានាធិបតីប៉ាឡេស្ទីនបញ្ជាក់ថា សកម្មភាពខាងលើបានបំផ្លាញសន្តិសុខសណ្តាប់ធ្នាប់ វប្បធម៌ សីលធម៌ និងសាសនារបស់ជនជាតិប៉ាឡេស្ទីន។
កាលពីឆ្នាំកន្លងមក ផ្នូរព្រះ Joseph ក៏ត្រូវជនជាតិប៉ាឡេស្ទីនដុតផងដែរ។ កាលពីឆ្នាំ២០០០ ផ្នូរជាច្រើនក៏ត្រូវបំផ្លាញក្រោយពេលអ៊ីស្រាអែលដកចេញពីទីនោះបញ្ចៀសអំពើហិង្សា។
អង្គការសហប្រជាជាតិបានប្រកាសថានឹងជួបប្រជុំជាបន្ទាន់មួយពិភាក្សាពីស្ថានភាពនៅក្នុងទឹកដីប៉ាឡេស្ទីន។ អង្គការសហប្រជាជាតិបានអំពាវនាវឲ្យភាគីពាក់ព័ន្ធរក្សាភាពអត់ធ្មត់ចៀសវាងហេតុការណ៍អាក្រក់កើតឡើង។
ចាប់តាំងពីវិវាទនៅតំបន់ហ្សេរ៉ូសាឡឹមសម្លាប់មនុស្ស៤០នាក់ ក្នុងនោះជនជាតិប៉ាឡេស្ទីន៣៣នាក់ និងជនជាតិអ៊ីស្រាអែល៧នាក់។ ជនរងគ្រោះប៉ាឡេស្ទីន រួមមានទាំងកុមារ ផងដែរបានស្លាប់ដោយសារតែអំពើហិង្សាពាក់ព័ន្ធការធ្វើបាតុកម្ម។ ចំណែកភាគីអ៊ីស្រាអែលស្លាប់ដោយសារតែការវាយប្រហារសងសឹកពីភាគីប៉ាឡេស្ទីន ។
កាលពីថ្ងៃទី១៦ ខែតុលា បុរសជនជាតិប៉ាឡេស្ទីនម្នាក់បន្លំខ្លួនជាអ្នកថតរូបចាក់ទាហានអ៊ីស្រាអែលនៅតំបន់ជនជាតិជ្វីព ជនវាយប្រហារក៏ត្រូវទាហានអ៊ីស្រាអែលបាញ់សម្លាប់។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកចន ឃើរី បានប្រកាសថា លោកនឹងទៅកាន់តំបន់មជ្ឈឹមបូព៌ា ដើម្បីស្វែងរកវិធីសាស្ត្របញ្ចប់អំពើហិង្សា។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូ ប្រកាសថា លោកនឹងសហការជាមួយប្រធានាធិបតីប៉ាឡេស្ទីន ម៉ាមូដ អាបាស់ ដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ៕
ប្រែសម្រួល៖ ម៉ែវ សាធី