ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ដែលតែងតែធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងឆក់កាបូប ក្នុងរាជធានីភ្នំពេញជាច្រើនលើកច្រើនសារដោយបានសម្រេច ចុងក្រោយអស់លក្ខណ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូចំនួន២គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃស្ត្រីជនជាតិបរទេស២នាក់មិនបានសម្រេច បណ្តាលឲ្យធ្លាក់ជនសង្ស័យម្នាក់ភ្លាមនោះ ប្រជាពលរដ្ឋនាំគ្នាចាប់ក្របួចជាប់ វាយមួយដៃមួយជើងឡើងទ្រាមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នៅចំណុចការ៉ាសប្រេងឥន្ទនះ ស៊ូគីមិច តាមបណ្តោយផ្លូវលេខ២៤០កែងផ្លូវលេខ៥១ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះឈុន លាងពុទ្ធា ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ដោយអ្នកឌុបវិញមានឈ្មោះ អាឆៃ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅខណ្ឌច្បារអំពៅ រត់គេចខ្លួន ជាបក្ខពួកចំនួន០៣នាក់ទៀតជិះម៉ូតូចោលគេចខ្លួនបាត់ នៅពេលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃហើយដួលម៉ូតូ។ ជនរងគ្រោះ ឈ្មោះមិនស្គាល់ ភេទស្រីអាយុប្រហែល៣០ឆ្នាំជនជាតិបរទេសស្បែកស មិនបានដាក់ពាក្យបណ្តឹងបន្ទាប់ពីដណ្តើមបានទូរស័ព្ទដៃរបស់ខ្លួនវិញ។
ប្រភពព័ត៌មានពីសាក្សីដែលនៅន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជាស្ត្រីជនជាតិស្បែកស២នាក់ កំពុងតែដើរចុចទូរស័ព្ទដៃមួយគ្រឿង ទិសដៅពីលិចទៅកើត ខណៈពេលដើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាបតែលេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក Nex ពណ៌ខ្មៅ មិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាក Click មិនចាំស្លាកលេខ ជិះគ្នា២នាក់ ជាអ្នកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃស្ត្រីរងគ្រោះអត់បានសម្រេច ដោយសារតែជនរងគ្រោះបានទាញយកមកវិញ ធ្វើឲ្យរអិលដួលធ្លាក់ជនសង្ស័យជាអ្នកឆក់ពីលើម៉ូតូ ត្រូវប្រជាពលរដ្ឋស្វាគមន៍មួយដៃមួយជើង បណ្តាលឲ្យរងរបួសយ៉ាងដំណំ ចំណែកឯបក្ខពួករបស់ជនសង្ស័យជាអ្នកបើកម៉ូតូ បានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយធ្វើការសាកសួររួច ជនសង្ស័យបានសារភាពថាខ្លួននិងបក្ខពួកធ្លាប់ធ្វើសកម្មភាពឆក់ជាច្រើនលើកក្នុងរាជធានីភ្នំពេញ ដោយខ្លួនមិនមែនជាអ្នកធ្វើសកម្មភាពឆក់នោះទេ គឺម៉ូតូ Nex ជាអ្នកឆក់ ប៉ុន្តែកន្លងមកគេធ្លាប់បានធ្វើកម្មភាពឆក់ចំនួន៣ដង លើកទី១ នៅម្តុំសាលាបឹងកេងកង ឆក់ទូរស័ព្ទដៃជនជាតិបរទេស លើកទី២ ឆក់នៅម្តុំផ្លូវ២១៤កែងផ្លូវ១០៥ ឆក់ទូរស័ព្ទដៃ និងលើកទី៣វិញ ឆក់នៅម្តុំផ្លូវភ្លោះឆក់ទូរស័ព្ទដៃដូចគ្នា ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕ស តារា











