អភិបាលខណ្ឌច្បារអំពៅ ណែនាំសមត្ថកិច្ចអោយចាត់វិធានការក្តៅ ទៅលើក្រុមអ្នករត់តាក់ស៊ី និងអ្នករត់ចាប់ម៉ូយនៅលើផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញៈ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អអភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា បានដាក់បញ្ជារដល់មន្ត្រីក្រោមឱវាទ ពិសេសកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌ ធ្វើយ៉ាងណាត្រូវចាត់វិធានការតឹងរឹងបំផុត លើក្រុមអ្នករត់ចាប់ម៉ូយប្រសេចប្រសាចធ្វើអោយបាត់បង់សណ្តាប់តាមបណ្តោយផ្លូវជាតិលេខ១ បង្កភាពអាណាធិបតេយ្យ ក្នុងភូមិសាស្ត្រ ខណ្ឌច្បារអំពៅ ពិសេសចំណុចគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ។

ប្រសាសន៍ណែនាំដើម្បីពង្រឹងការងារសន្តិសុខសណ្តាប់នេះបានថ្លែងនៅក្នុងកិច្ចប្រជុំគណះបញ្ជាការឯកភាពខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ដោយមានការចូលរួមពីអភិបាលរងខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ មេប៉ុស្តិ៍ និងចៅសង្កាត់ទាំង៨ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ ។

ថ្លែងនៅក្នុងកិច្ចប្រជុំលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌបានដាក់បញ្ជារយ៉ាងម៉ឺងម៉ាត់ដល់អធិការនគរបាលខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ធ្វើយ៉ាងណាត្រូវដាក់កម្លាំងរបស់ខ្លួនប្រចាំការនៅតំបន់គល់ស្ពានព្រះមុន្នីវង្ស ពិសេសតំបន់ពាក់ព័ន្ធ អោយបានជាប្រចាំជាកំហិត ប្រសិនបើកើតមានបាតុភាពរត់ចាំម៉ូយយ៉ាងអាណាធិបតេយ្យបន្តទៀត នគរបាលត្រូវឃាត់ខ្លួនបុគ្គលនោះជាបន្ទាន់ យកមកអធិការដ្ឋាន ដោយអោយគាត់សម្រាកនៅទីនោះ១ថ្ងៃពេញចាប់ពីពេលឃាត់ខ្លួមរហូតដល់យប់ ទើបអនុញ្ញាត្តិអោយគាត់ត្រឡប់ទៅលំនៅឋានវិញ ។ ក្នុងករណីដែល ជនរូបនោះមានការប្រើប្រាស់ហិង្សាមកលើកម្លាំងអាជ្ញាធរមានសមត្ថកិច្ចដែលកំពុងអនុវត្តតាមតួនាទី នគរបាលត្រូវឃាត់ខ្លួនជនរូបនោះ ហើយរាយការណ៍មកថ្នាក់លើ ដើម្បីសុំគោលការណ៍បន្ត ថាតើត្រូវអនុវត្តតាមនីតិវិធីច្បាប់លើបុគ្គលរូបនោះ ឬយ៉ាងណា .?

លោកអភិបាលខណ្ឌ បានបន្តថា កាលពីពេលកន្លងមក កម្លាំងអាជ្ញាធរខណ្ឌ តែងបានដាក់កម្លាំងសណ្តាប់ធ្នាប់ សម្រាប់ហាមឃាត់ក្រុមអ្នករត់តាក់ស៊ីកុំអោយមានការចត ពិសេសការរត់ចាប់ម៉ូយ តាមបណ្តោយផ្លូវជាតិលេខ១ រហូតឈានដល់ការឃាត់រថយន្តយកមករក្សាទុកនៅសាលាខណ្ឌថែមទៀតផង ប៉ុន្តែបាតុភាពទាំងនោះនៅតែបន្តកើតមាន ព្រោះតែអាជ្ញាធរមានវិធានការមានការយោគយល់ច្រើនជាមួយបងប្អូនជាអ្នករត់តាក់ស៊ី តែពេលនេះគឺមិនបណ្តែតបណ្តោយទៀតឡើយ ព្រោះតែបងប្អូនជាអ្នករត់តាក់ស៊ីមិនមានការយោគយល់មកលើ អាជ្ញាធរសាធារណះវិញសោះ ។

ក្នុងនាមជាអ្នកដឹកនាំខណ្ឌ ក៏ដូចជា ជាប្រធានគណះបញ្ជាការឯកភាពខណ្ឌ លោកអភិបាល ពិតជាមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងចំពោះបងប្អូនពលរដ្ឋដែលមានគំនិតចេះរកស៊ីដោយខ្លួនឯង ពិសេសរបរដែលសុច្ចរិតទៀងត្រង់ មិនបៀតបៀនដល់អ្នកដទៃ ប៉ុន្តែទន្ទឹមនឹងនោះ សុំអោយរបររកស៊ីរបស់បងប្អូន ជារបរដែលមិនប៉ះពាល់ពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណះ ពិសេសមិនត្រូវធ្វើអ្វីប៉ះពាល់ ដល់សន្តិសុខសណ្តាប់សង្គមឡើយ ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print