ភ្នំពេញ ៖ តារាសម្តែងលោក ផែ សុផាន់ណា និងសាសា ខេត បានរៀបការជាផ្លូវការហើយ កាលពីថ្ងៃទី២៨ តុលា ឆ្នាំ២០១៧យ៉ាងរីករាយបន្ទាប់ពីពួកគេឆ្លងកាត់ជីវិតជូរចត់រួមគ្នាជាច្រើន ពិសេសក្រោយពេលបានកូនប្រុសម្នាក់មានវ័យជិត១ខួបហើយនោះ។
ផែ សុផាន់ណា និងអ្នកនាង សាសា ខេត បានរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ និងឆ្លងកាត់ការស្វែងយល់ចិត្តរួមសុខទុក្ខជាមួយគ្នាច្រើន។ ដោយទម្រាំទទួលបានថ្ងៃសិរីប្រកបដោយមង្គលលោកនិងភរិយា បានជួបព្យុះភ្លៀងខ្លាំង ពិសេសនៅក្នុងសង្គមគ្រួសារទាំង២ ដែលធ្លាប់ច្រានចោលមិនទទួលយកចំណងស្នេហ៍មួយនេះ។ ទោះជាយ៉ាងណាការតស៊ូ ការបង្ហាញពីចំណងស្នេហារឹងមាំ និងប្រឹងប្រែងរកលុយរួមគ្នាកសាងគ្រួសារ អាចជំរុញឲ្យបំណងរបស់ពួកគេបានសម្រេច។ ផែ សុផាន់ណា បញ្ជាក់ថា លោកនិងភរិយាបានរួមគ្នាកសាងគ្រួសារមួយជាយូឆ្នាំហើយដែរ ហើយក៏មិនចង់រំលងចោលប្រពៃណីទំនៀមទម្លាប់ពិសេសការរៀបការក្រាបក្បាលដល់កន្ទេលទើបសម្រេចចូលរោងការជាផ្លូវការដែលមានភ្ញៀវចូលរួមប្រមាណជាង៣០០នាក់។
លោកថា ក្រោយរៀបការលោកនៅតែប្រឡូកសិល្បៈគ្រាដែលភរិយានៅតែបន្តមុខរបរលក់ផលិតផលតាមអនឡាញដដែល។ លោកសន្យាថានឹងបន្តសាងភាពផ្អែមល្ហែមសម្រាប់ភរិយានិងកូន និងសន្យាជាមួយភរិយានិងកូនថានឹងធ្វើជាប្តី និងជាឪពុកដ៏ល្អសម្រាប់គ្រួសារតូចមួយនេះ។ លោកថា ពួកយើងចង់រៀបការដែលមានការទទួលស្គាល់ និងលុយរៀបការបានពីការសន្សំ របស់ខ្លួន និងភរិយា ទើបមួយរយៈពេលកន្លងមកនេះលោកព្យាយាមតស៊ូខ្លាំងជាមួយភរិយា។ ដើមឡើយលោកគ្រោងចេញទៅដំណើរកម្សាន្តនៅប្រទេសសិង្ហបុរីជាមួយភរិយានិងកូនប្រុសក្រោយរៀបការភ្លាមៗប៉ុន្តែដោយសាររវល់នឹងការងារច្រើនទើបគម្រោងនេះនឹងលើកទៅដើមឆ្នាំក្រោយវិញ៕ វឌ្ឍនា