មេព្រៃខេត្តកំពង់ឆ្នាំងប្រើដៃជើងឲ្យចាប់រថយន្តដឹកឈើទារលុយបាន១ពាន់ដុល្លារទាំងកណ្តាលថ្ងៃចែស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ វិក័យបត្រផ្ទេរប្រាក់ចំនួន១ពាន់ដុល្លារពីឈ្មួញរកស៊ីដឹកឈើតាមរថយន្តសាំយ៉ុង ប្រគល់ជូនមន្ត្រី ឬដៃជើងនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ជាភស្តុតាងបង្ហាញច្បាស់ថា មន្ត្រីព្រៃឈើខេត្តកំពង់ឆ្នាំងបានជំរិតទារប្រាក់ពីឈ្មួញរកស៊ីយ៉ាងពិតប្រាកដ។ យ៉ាងណាក៏ដោយ លោក ថោង វ៉ាន់វីរ៉ាវុទ្ធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងអះអាងថា លោកមិនដឹងទេ តែនឹងព្យាយាមរកការពិត។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ មន្ត្រីរដ្ឋបាលព្រៃឈើមួយរូបឈ្មោះឌីន បានឃាត់រថយន្តមួយគ្រឿងដែលលួចបង្កប់ឈើប្រណីតនៅចំណុចសង្កាត់រដ្ឋបាលព្រៃឈើបរិបូរណ៍ ស្ថិតក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយដំបូងឡើយគំរាមទារប្រាក់២ពាន់ដុល្លារអាមេរិក។ ការចាប់រថយន្តដឹកឈើនេះបានធ្វើឡើងនៅវេលាម៉ោង១១ព្រឹក ហើយការចរចាតម្លៃបានអូសបន្លាយដល់ម៉ោង១រសៀល ទើបត្រូវគ្នាក្នុងចំនួនទឹកប្រាក់១ពាន់ដុល្លារ។ ម្ចាស់រថយន្តដឹកឈើបានព្យាយាមស្វះស្វែងរកប្រាក់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើបរិបូរណ៍ឈ្មោះឌីន គ្រប់មួយពាន់ដុល្លារទើបអាចបន្តដំណើរទៅមុខទៀតបាន។

ប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងអះអាងថា លោកឌីន ជាបងប្អូននឹងលោក ថោង វ៉ាន់វីរ៉ាវុទ្ធី ហើយអ្វីដែលលោកបានធ្វើ ដោយសារតែអាងអំណាចបងជានាយខណ្ឌរដ្ឋបាលព្រៃឈើនោះដែរ។ ប្រភពពីសមត្ថកិច្ចដទៃដែលឈរជើងនៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងអះអាងថា លោកឌីន ជាជើងខ្លាំងក្នុងការប្រមូលសេដ្ឋកិច្ចជូនលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង។ គេថា គ្មានរថយន្តដឹកឈើណាមួយអាចគេចផុតពីកណ្តាប់ដៃលោកឌីន នោះឡើយ។

NKD-36x6_outline

លោកថោង វ៉ាន់វីរ៉ាវុទ្ធី អះអាងប្រាប់ភ្នាក់ងារកាសែតនគរវត្តថា លោកមិនបានដឹងរឿងនេះទេ ហើយនឹងស៊ើបអង្កេតមើលថា តើវាពិតឬយ៉ាងណា?

ករណីនេះ មិនមែនទើបតែកើតឡើងម្តងនោះទេ ដែលសមត្ថកិច្ចរដ្ឋបាលព្រៃឈើចាប់រថយន្តដឹកឈើយកលុយស្រស់ៗ ជាបុគ្គលម្នាក់ឈ្មោះឌីន ប្រចាំការនៅស្រុកបរិបូរណ៍នោះតែម្តង។ គេរំពឹងថា ក្រសួងកសិកម្មនឹងពិនិត្យករណីដូចខាងលើនេះឡើងវិញ ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print