ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរយ៉ាងតិច៣៥ភាគរយ ប្រហែលជាង២លាននាក់ កំពុងជួបប្រទះបញ្ហាខុសទិន្នន័យអត្រានុកូលដ្ឋាន នៅក្នុងអំឡុងពេលយុទ្ធនាការចុះបញ្ជីអត្រានុកូលដ្ឋាន ២០០២-២០០៦ នឹងត្រូវកែសម្រួលវិញក្នុងរយៈពេលពីរឆ្នាំដោយកំហុសដែលបានធ្វើឲ្យខុសនោះភាគច្រើនគឺកើតចេញពីមន្រ្តីអត្រានុកូលដ្ឋានឃុំ-សង្កាត់។
ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីសេចក្តីណែនាំ ការកែតម្រូវនិងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាននាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះនៅទីស្តីការក្រសួងមហាផ្ទៃ លោក ឧត្តមសេនីយ៍
ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរប្រហែលពីរលាននាក់បានខុសឈ្មោះ និងអាយុនៅក្នុងអត្រានុកូលដ្ឋានរបស់ពួកគេ ហើយកត្តានេះ បានធ្វើឲ្យពួកគេជួបប្រទះការលំបាកក្នុងការធ្វើអ្វីតាមរដ្ឋបាលនិងបញ្ហាផ្សេងៗទៀត។
លោក នាយឧត្តមសេនីយ៍ បានបន្តថា «តាមរយៈការសិក្សាផ្ទៀងផ្ទាត់ទិន្នន័យប្រជាពលរដ្ឋ នាពេលកន្លងមកក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋប្រមាណជិត៣៥ភាគរយកំពុងជួបប្រទះបញ្ហាខុសទិន្នន័យអត្តសញ្ញាណរបស់ខ្លួននៅអត្រានុកូលដ្ឋានប្រភេទតែមួយលើសពីមួយដង ជាពិសេសការចុះបញ្ជីក្នុងអំឡុងពេលយុទ្ធនាការចុះបញ្ជីអត្រានុកូលដ្ឋានចល័ត ដែលបានធ្វើឲ្យសាមីខ្លួនជួបការលំបាកយ៉ាងខ្លាំងក្នុងការស្នើរសុំសេវារដ្ឋបាលស្មុគស្មាញដែលមិនអាចឆ្លើយតបបានទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ»។
លោកបន្តថាទិន្នន័យដែលខុសនោះភាគច្រើនគឺឈ្មោះអាយុ ភេទដូចជាអាយុឱពុកដាក់អាយុកូន ហើយឈ្មោះកូនដាក់ឈ្មោះឱពុក និងភេទប្រុសដាក់ទៅជាភេទស្រីជាដើម។ តែយ៉ាងណាក្តី ការខុសបច្ចេកទេសទាំងនេះនឹងធ្វើការកែប្រែរួចឲ្យអស់ក្នុងរយៈពេលពីរឆ្នាំ។
ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា ក៏បានធ្វើការអំពាវនាវដល់មន្រ្តី អត្រានុកូលដ្ឋានទាំងអស់ទាំងថ្នាក់លើ និងថ្នាក់ក្រោមគប្បីធ្វើការឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាងមុនបន្ថែមទៀតដើម្បីធ្វើយ៉ាងណាកុំឲ្យមានការភន្តច្រឡំនិងខុសទិន្នន័យរបស់បងប្អូនបន្តទៀតដែលជាកត្តាធ្វើឲ្យខ្វះទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋនោះ៕ តាឡឹម