បទល្មើសនេសាទនៅឃុំមៀនស្រុកព្រៃឈរនៅតែបន្តកើតមានយ៉ាងគគ្រឹគគ្រេង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ឧបករណ៍បទល្មើស នេសាទសាច់មងក្រឡាញឹក ត្រូវបានគេដាក់តម្រៀបពេញផ្ទៃបឹងទំនប់រលំពោធិ៍ ហើយការបង្ក្រាបរបស់សមត្ថកិច្ចនាពេលកន្លង មកហាក់ដូចជាគ្មានប្រសិទ្ធភាពសោះ ដោយគ្រាន់តែវះ២-៣កាំបិត ហើយថត រូបរួចដកថយទៅវិញបាត់។

ប្រភពបានឲ្យដឹងថា បទល្មើសនេសាទ ជាច្រើន ដែលគេបានប្រើប្រាស់ដាក់នៅ ចំណុចទំនប់រលំពោធិ៍ស្ថិតក្នុងភូមិកំពង់ សំណាញ់ ឃុំមៀន ស្រុកពៃឈរ ខេត្តកំពង់ ចាមនេះ គឺមានឈ្មោះ ទិត្យ ជាអ្នកដើរប្រមូលលុយពីអ្នកប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដើម្បីរត់ការស្ងាត់ៗជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ទើបប្រព្រឹត្តបទល្មើសបានយ៉ាងរលូនបែបនេះ។

ប្រភពបានបន្តថា បើទោះបីជាមានអ្នក កាសែតចុះផ្សាយ ក៏គ្មានអ្វីដែលត្រូវបារម្ភ ដែរ ព្រោះពេលដែលសមត្ថកិច្ចចុះបង្ក្រាប គឺគ្រាន់តែយកកាំបិតទៅវះឆូតៗ ២-៣ កាំបិត ដើម្បីថតរូបបង្ហាញថ្នាក់លើរួចត្រឡប់ទៅវិញបាត់ហើយពួកគេបានធ្វើការដេរភ្ជិត រួចដាក់ដូចដើមវិញដដែល។

ប្រភពបានបន្តទៀតថា ប្រសិនបើសមត្ថកិច្ចមានចំណាត់ការចុះបង្ក្រាបមែននោះ គឺចាប់ដាក់រថយន្តកង់១០ដាក់៣ឡានក៏ មិនអស់ដែរ។

NKD-36x6_outline

ប្រជាពលរដ្ឋដែលនេសាទដោយស្របច្បាប់បានលើកឡើងថា សព្វថ្ងៃនេះពួក គាត់បានទៅបង់សំណាញ់ ដើម្បីយកត្រីទៅស្លសម្រាប់ហូបនៅក្នុងគ្រួសារសឹង តែមិនគ្រប់គ្រាន់ផង ដូចដែលឃើញ ស្រាប់ហើយ គឺឧបករណ៍បទល្មើសនេសាទពេញផ្ទៃបឹងតែម្ដងដោយក្នុងឧបករណ៍ នីមួយៗ មានរាប់សិបម៉ែត្រ ហើយមាន ដាយរាប់រយកន្លែងឯណោះ ។

អភិបាលស្រុកព្រៃឈរ លោក ឡោចាន់លីបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកានេះ ថា ចំពោះការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នេះគឺលោកគ្មានសិទ្ធិចាប់ចងអ្វីទេ ព្រោះលោកមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ តែទោះជាយ៉ាងណាលោកបានស្នើសុំទៅខាងស្ថាប័នជំនាញដើម្បីឲ្យគេចុះត្រួតពិនិត្យនិងចាត់វិធានការតាមផ្លូវ ច្បាប់ ។

ដោយឡែក នាយខណ្ឌរដ្ឋបាលជល​ផលខេត្ត កំពង់ចាម លោក អ៊ុក ណារិន មិនអាចទំនាក់ទំនងបានទេ ព្រោះទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល។

ប្រជាពលរដ្ឋដែលបានទៅបង់សំណាញ់នៅទីនោះ បានសំណូមពរដល់លោកអភិបាលខេត្តកំពង់ចាម ជួយចាត់តាំងកម្លាំង សមត្ថកិច្ចចុះបង្ក្រាបឲ្យមានប្រសិទ្ធភាពផង ព្រោះត្រីនឹងអាចផុតពូជក្នុងពេលឆាប់ៗនេះជាមិនខាន បើសិនជាគ្មានការទប់ស្កាត់ ទេនោះ ៕ ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print