ខេត្តពោធិ៍សាត់ ៖ លោក វរសេនីយ៍ទោ យឹម ស៊ាងហៃ អធិការនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍ សាត់ បានដឹកនាំកម្លាំងក្រោមឱវ៉ាតចុះល្បាតក្នុងភូមិសាស្រ្តរដ្ឋបាលរបស់ខ្លួនដើម្បីភូមិឃុំមានសុវត្ថិភាព ក្នុងនោះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមេខ្លោងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ ដកហូតនូវវត្ថុតាង និងបទល្មើសផ្សេងៗមួយចំនួន ព្រមទាំងសម្ភារផងដែរ ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១១ និង២៥នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ ចំណុចម្ដុំអាងបង្ហាទឹករលាប ស្ថិតក្នុងភូមិ.សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ទោ យឹម ស៊ាងហៃ អធិការនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដែលបានដឹកនាំកំលាំងចុះក្នុងកិច្ចប្រតិបត្តិការងារនេះផ្ទាល់បានឲ្យដឹងថា ជនសង្ស័យជាមេខ្លោងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវបង្រ្កាប់ឈ្មោះ សារឹម បញ្ញាវឌ្ឍន៍(ហៅឡុញ) ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិពោធិ៍កំបោ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ទោ យឹម ស៊ាងហៃ អធិការនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងដកហូតនូវវត្ថុតាង និងបទល្មើសផ្សេងៗ ព្រមទាំងសម្ភាររួមមាន,ម្សៅក្រាមពណ៏សផ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់ធំ កាំភ្លើងមានសាម៉ែលពីលើចំនួន ០១ដើម មានគ្រាប់ចំនួន ០១ប្រអប ស្មើរនឹងចំនួន ៩១គ្រាប់ ទូរស័ព្ទដៃចំនួន ០១គ្រឿង និងរថយន្តចំនួន ១គ្រឿងម៉ាក កាមរីហាយប្រីត ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2S 4426 ។
លោក វរសេនីយ៍ទោ អធិការនគរបាលក្រុងពោធិ៍សាត់បន្តទៀតថា ចំពោះជនសង្ស័យជាមេខ្លោងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឈ្មោះ សារឹម បញ្ញាវឌ្ឍន៍(ហៅឡុញ) រួមទាំងវត្ថុតាងបទល្មើសផ្សេងៗ និងសម្ភារ បាននាំយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរាបចំសំណំបែបបទពាក់ព័ន្ធបញ្ជូនបន្ត ទៅការិយាល័យជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត។
ពាក់ព័ន្ធករណីបញ្ហាមេខ្លោងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀនខាងលើ បើយោងតាមប្រភពព័ត៌មានពីមហាជនលើកឡើងស្រដៀងៗគ្នាថា គេមើលឃើញយ៉ាងច្បាស់ក្រឡែតនៅមេខ្លោងចំនួន ០២នាក់ទៀត ដែលស្ថាប័នសមត្តកិច្ចជំនាញពាក់ព័ន្ធមិនមានចំណាត់ការនៅឡើយឬមិនហ៊ានមានចំណាត់ក៍មិនដឹងនោះ ប៉ុន្តែត្រូវបានគេដាក់ការសង្ស័យជាផលប្រយោជន៍យ៉ាងធំផ្នូរនឹងមិនបង្រ្កាបនេះ ហើយជនសង្ស័យជាមេខ្លោងទាំង ២នាក់នោះ ទី១ ជាមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ផង ជាឈ្មួញជំនួញឈើប្រភេទប្រណិតដ៍ធំសម្បើមផង មានអាស័យដ្ឋានច្រើនកន្លែងនៃក្រុង.ខេត្តពោធិ៍សាត់ និងម្នាក់ទៀតរស់នៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ ហើយក៍នៅមិនឆ្ងាយពីលំនៅដ្ឋានមេនគរបាលប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននោះដែរ ៕ បឹុម ពិន