ភ្នំពេញ ៖ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ សាលា ប៊ែលធីអន្តរជាតិបាន ប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជូនដល់សិស្សប៊ែលធី ដែល បានប្រឡងជាប់ថ្នាក់ជាតិ ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ ជំនាន់ ទី១២ ចំនួន ៨៧៩នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ(ទួលស្លែង) ក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី ។
លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយក សាខា បានឲ្យដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន២១ សាខា ក្នុងនោះ ១៨សាខា កំពុងដំណើរការ និង០៣សាខា កំពុងសាងសង់ ដែលមានសិស្សកំពុង សិក្សា៣៤.៩១៤នាក់។ សាលាក៏បាន បង្កើត កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន៨ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់ គ្លេសរួមមាន ៖ ទី១.កម្មវិធីបង្កើនចំណេះ ដឹងទូទៅទី២. កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធី ទស្សនកិច្ចសិក្សា ទី៤.កម្មវិធី សិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡង សំណេរ ទី៦.កម្មវិធីប្រកួតប្រជែង គណិតវិទ្យា ទី៧.កម្មវិធីប្រកួតប្រជែង ទេពកោសល្យ និងទី៨.កម្មវិធីកីឡា ហើយ ក្នុងឆ្នាំសិក្សានេះ សាលាកំណត់យក ថ្នាក់ វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម (STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបង្កើតបន្ទប់ពិសោធន៍ (Laboratory) សម្រាប់ថ្នាក់ទី៧-១២ លើមុខវិជ្ជា៖ រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា។ សាលាក៏បានបន្តបើកថ្នាក់បំប៉នបន្ថែម និងថ្នាក់ពិសេស សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ផងដែរ។
ក្នុងឱកាសនោះផងដែរលោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានកោតសរសើរ ចំពោះ សិស្សនិទ្ទេសA ទាំង២៦រូប និង សិស្សជ័យលាភីទាំងអស់ ដែលបានខិតខំ ប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ ។ លោកក៏បានថ្លែងអំណរ គុណចំពោះមាតាបិតា និងអាណាព្យាបាល សិស្សទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញឲ្យកូនៗបានសិក្សាបន្ថែមនៅផ្ទះ និង គោរពវិន័យសាលាបានល្អ ។ លើសពី នេះទៀត លោក ក៏បានកោតសរសើរចំពោះ សិស្សប៊ែលធីថ្នាក់ទី១២ ដែលរក្សាបាន ជើងឯកលេខ១ និងលេខ២ ទូទាំងប្រទេស ជាប់ៗគ្នារយៈពេល៣ឆ្នាំចុងក្រោយនេះ ៖
១-ឆ្នាំ២០១៧នេះ សិស្ស ស គីមស៊ា ប្រឡងជាប់ និទ្ទេសA លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០.០០០។
២-ឆ្នាំ២០១៦ សិស្ស កាំង ស៊ីញលី ប្រឡងជាប់ និទ្ទេសA លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០.០០០ ។
៣-ឆ្នាំ២០១៥ សិស្ស សេង ហ្គេចលី ប្រឡងជាប់ និទ្ទេស A លេខ២ ទូទាំង ប្រទេសលំដាប់ពិន្ទុ ៩៩.៩៩៩។
លោក លី ឆេង ក៏បានបន្ថែមទៀតថា ដោយមានការសំណូមពរពីមាតាបិតា អាណាព្យាបាល និងសិស្ស-និស្សិត ក្នុង ឆ្នាំ២០១៧នេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានបើកកម្មវិធីសិក្សាជាភាសាជាតិ បន្ថែមលើកម្មវិធីសិក្សាអន្តរជាតិដែលមានស្រាប់ ដោយបង្រៀនជាពីរភាសា គឺភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស និងផ្តល់ជូនថ្នាក់បំប៉នភាសាអង់គ្លេស និង កុំព្យូទ័រ ១ឆ្នាំដោយឥតគិតថ្លៃ ដើម្បីបំពេញ សេចក្តីត្រូវការ និងផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការសិក្សា និងទទួលបាននូវគុណភាពអប់រំខ្ពស់ក្នុងកម្រិតថ្នាក់ឧត្តម សិក្សា ។
សាកលវិទ្យាល័យ មានកម្មវិធី សិក្សា៥ ធំៗ ដូចជា៖ ថ្នាក់បំប៉នភាសា អង់គ្លេស ថ្នាក់ឆ្នាំសិក្សាមូល ដ្ឋាន ថ្នាក់ បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចូលរៀន១ឆ្នាំ២ដងគឺ ខែតុលា និងខែមីនា ដោយសិក្សាលើមុខជំនាញ សំខាន់ៗ ដែលស្របនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅអនាគត ស្របតាម សម្ព័ន្ធអប់រំអាស៊ាន“ជំនាញអនាគត សម្រាប់អាជីពអនាគត”។
លោក ក៏បាន ផ្តាំផ្ញើដល់ក្មួយៗ សិស្សជ័យលាភីឲ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សាបន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សាដើម្បីបង្កើនចំណេះដឹង របស់ខ្លួន ដណ្តើមទីផ្សារការងារជាតិ និង អន្តរជាតិ ព្រមទាំងមានសមត្ថ ភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល។ បន្ទាប់មក លោក ប្រធានគណៈអធិបតី ក៏បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្សជ័យលាភីទាំង ៨៧៩នាក់ នាពេលនោះផងដែរ ៕ ស រស្មី