ខេត្តមណ្ឌលគិរី៖ មេឈ្មួញឈើដ៏ល្បីបំផុតនៅកម្ពុជាគឺឧកញ៉ា សុឹង សំអុល អាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅ១០ឆ្នាំ តាមមាត្រា៩៧ ច្បាប់ស្តីពីព្រៃឈើ ពាក់ព័ន្ធនិងការកាប់បំផ្លាញ ប្រមូល កែច្នៃឈើប្រណិតគ្រប់ប្រភេទ បានប្រព្រឹត្តនៅភូមិ-ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (ក្នុងក្រុមហ៊ុនដាយថាន់) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ហើយត្រូវកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកងរាជអាវុធហត្ថខេត្តក្រចេះ ខេត្តមណ្ឌលគិរី បង្ក្រាបក្នុងបទល្មើសជាក់ស្តែងប្រមូលឈើជាវត្ថុតាងបទល្មើសបានជាច្រើនកំណាត់។
លោក ស៊ុយ សុភា ចៅក្រមសើបសួរសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ចេញដិកាកោះ អោយឈ្មោះ សុឹង សំអុល ចូលខ្លួនមកឆ្លើយបំភ្លឺ ពីដំណើររឿងការកាប់បំផ្លាញ ប្រមូល កែច្នៃឈើប្រណិតគ្រប់ប្រភេទនេះ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ តាមសំណុំរឿងព្រហ្មទណ្ឌលេខ១៣៧ ចុះថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ តែជនជាប់ចោទសុឹង សំអុល មិនបានចូលខ្លួនតាមកំណត់ ដោយមេធាវីលើកសំអាងថា៖ ជនជាប់ចោទមានជម្ងឺត្រូវវះកាត់របួសជើង។ នេះបើតាមការបង្ហើបអោយដឹងពីមន្ត្រីសាលាដំបូងខេត្តមណ្ឌលគិរី ដែលគេសង្ស័យថាដកឃ្លារកពេលរត់ការដើម្បីគេចផុតពីការទទួលខុសត្រូវផ្លូវច្បាប់និងបទល្មើសនេះ។
បើទោះជាឧកញ៉ា សុឹង សំអុល ដោះបន្ទុកក្នុងបទល្មើសឈើនេះមិនទាន់រួចផុតពីការចោទប្រកាន់ពីតុលាការក៏ដោយ ក៏គាត់បន្តមុខរបរនេះ ជាមួយនិងការដឹកយករថយន្តយីឌុបធំៗធ្វើជាមធ្យោបាយដឹកជញ្ជូនផ្ទុកលើសទំងន់ បំផ្លាញផ្លូវជាតិ នេះមិនទាន់គិតពីការផ្ទុកលើសពីលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ដ៏ដូចជាខុសពី យថាប្រភេទឈើ រថយន្តគ្មានស្លាកលេខបន្លំក្នុង(PC)នោះទៀតផង។
ឧកញ៉ា សុឹង សំអុល កំពុងប្រឈមនឹងការរិះគន់ជាគំហុកពីប្រព័ន្ធផ្សព្វផ្សាយកាសែត ទូរទស្សន៍ គេហទំព័រក្នុងស្រុកដោយមិនសំចៃ ពិសេសតាមបណ្តាញទំនាក់ទំនងសង្គម បណ្តាលអោយប៉ះពាល់កិត្តិយសធ្ងន់ធ្ងរ ប៉ុន្តែឧកញ៉ា សុឹង សំអុល បានបំភ្លឺថាខ្លួនដឹកឈើមានច្បាប់ត្រឹមត្រូវ ករណីរថយន្តអត់ស្លាកលេខដោយសារខែនេះរដូវភ្លៀងធ្លាក់មានផលលំបាកការពារស្លាកលេខ លោកសំដៅថាជ្រុះ និងសូមបិណ្ឌបាតដល់ប្រព័ន្ធផ្សព្វផ្សាយមេត្តាកុំចុះផ្សាយ ខណះគាត់មិនបានចាត់ទុកប្រព័ន្ធផ្សពផ្សាយជាសត្រូវ។
ឧកញ៉ា សុឹង សំអុល ក៏ត្រូវបានខាងអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃអញ្ជើញអោយមកបំភ្លឺផងដែរជុំវិញ ប្រព័ន្ធផ្សព្វផ្សាយកាសែត ទូរទស្សន៍ គេហទំព័រក្នុងស្រុក និងតាមបណ្តាញទំនាក់ទំនងសង្គម ពីមុខជំនួញឈើរបស់គាត់ តែបានភ្ជាប់ជាមួយថ្នាក់ដឹកនាំ បណ្កាលអោយប៉ះកិត្តិយសដ៏ធ្ងន់ធ្ងរបំផុត មុនចៅក្រមសើបសួរសាលាដំបូងខេត្តមណ្ឌលគិរីចេញដិកាកោះអោយចូលខ្លួនឆ្លើយបំភ្លឺរឿងកាប់បំផ្លាញ ប្រមូល កែច្នៃឈើប្រណិតគ្រប់ប្រភេទ ប្រមាណជិត១ខែ។
បច្ចុប្បន្ន ឧកញ៉ា សុឹង សំអុល បានច្បាប់ព្រៃសម្បទាននៅស្រុកកោះញែកជាង៧០០០ហិកតា តែមកកាប់ ប្រមូល ដឹកជញ្ជូនឈើនៅតំបន់ភ្នំព្រិចរវាងព្រំប្រទល់ស្រុកស្នួល ខេត្តក្រចេះ និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដ៏គគ្រឹកគគ្រេង ក្រោមលេសយកមកកែច្នៃចែកចាយក្នុងស្រុក តែការពិតដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាម តាមច្រកជាច្រើននៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ រហូតដល់គេនឹងហ៊ានទម្លាយពីតំលៃរត់ការចំណាយទៅលើសមត្ថកិច្ចជាច្រើនស្ថាប័នទៀតផង ក្នុងនោះអ្នកបើកភ្លើងខៀវអោយឧកញ៉ា សុឹង សំអុល គឺគយចល័តដែលតែងតែឈ្មោះលោកស្រីភរិយា លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកគយនិងរដ្ឋាករ កម្ពុជាមកប្រើ ទើបស្ថាប័នដទៃទៀតឆ្លៀតទទួលកញ្ចប់។ គេអះអាងថា៖ បើគយចល័តមិនអនុញ្ញាតិ គឺគយគ្រប់ច្រកនៅមេមត់មិនហ៊ានយកជ័រភ្នៅបៀតក្លៀកទេ គឺម្នាក់ៗរួញខ្លួននិងគយចល័តកាប់ដាវ មកព្រៀងព្រៀតមកចាប់នៅមាត់ច្រក បំបាក់ធ្វើអោយភ្នែកនៅកញ្ជឹង ករ ឥឡូវ។
ករណីនេះ ឧកញ៉ា សុឹង សំអុល ធ្លាប់ស្បថថាខ្លួនមិនបានដឹកទៅវៀតណាមទេឈើទាំងនោះ តែការស្បថនេះបានត្រឹមនិយាយថាហ៊ាន«ស្បថ» លោកមិនបង្ហើបថាស្បថអោយទៅជាយ៉ាងណានោះទេ ខ្លាចប្រឈមនិងបណ្តាសារព្រៃអរ័ក្សអ្នកតាការពារព្រៃឈើ នៃសម្បត្តិធនធានធម្មជាតិដ៏មានតំលៃរបស់ជាតិយើង។
គួរមានការបង្ក្រាបពិនិត្យលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ពីការផ្ទុកតាមPC ពីយថាប្រភេទឈើ ដ៏ដូចជាស្របតាមច្បាប់អនុញ្ញាតិមែនឬអត់ថាបានកាប់ចេញដីព្រៃសម្បទានរបស់ខ្លួន និងមិនបានដឹកឆ្លងទៅវៀតណាម ខណះបទល្មើសដឹកជញ្ជូនឈើរបស់គាត់នៅកៀកបង្កើយនិងក្រសែភ្នែក សមត្ថកិច្ចសុទ្ធតែមានតួនាទីបង្ក្រាប។
ឧកញ៉ា សុឹង សំអុល កំពុងមានមោទនភាពនិងបទល្មើសនេះ ខណះឆក់ឱកាសយកឈ្មោះអ្នកធំមកប្រើការពារបទល្មើសនេះ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាមួយ«នគរដ្រេហ្គន»តាមទូរស័ព្ទលោកបាននិយាយថា៖ ក្រុមហ៊ុនគាត់មានច្បាប់ ដឹកមានPC ហើយមេៗខាងលើអោយគាត់ដឹក បើអ្នកកាសែតឆ្ងល់សួរមេៗខាងលើទៅក៏ដឹងថាគាត់ដឹកត្រឹមត្រូវដែរ។ លោកបន្តថា៖ ខ្ញុំធ្វើតាមមេទាំងអស់ តែខាងប្រព័ន្ធផ្សព្វផ្សាយចេះតែផ្សាយមិនពិត ដូច្នេះខ្ញុំក៏បំភ្លឺតាម Watapp ចូលតាមគ្រុបអ្នកកាសែតរួចរាល់ហើយ។
ពាក់ព័ន្ធនិងការដឹកឈើរបស់ឧកញ៉ា សុឹង សំអុល គឺពិតជាដឹកទៅប្រទេសវៀតណាមយ៉ាងប្រាកដណាស់ តាមច្រកជាច្រើននៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ គ្រាន់តែបទល្មើសនេះ សមត្ថកិច្ច អាជ្ញាធរ ជំនាញ និងខាងមាត់ច្រកមានចេតនាទុច្ចរិតហែកប្រយោជន៍នេះពីឧកញ៉ា សុឹង សំអុល ជាលក្ខណះពុករលួយជាប្រព័ន្ធ តែដំរីងាប់យកចង្អេរទៅបាំងបែបមិនជិតទេមើលទៅសម្រាប់អនាគតកាលដ៏ ខ្លីខាងមុខនេះ ខណះពួកគេព្យាយាមបំផ្លាញក្តីទំនុកចិត្តពីថ្នាក់លើ???
ដោយ៖ ល័ក្ស្មុី