ខេត្តឧត្តរមានជ័យ: សមត្ថកិច្ចនគរបាលស្រុកត្រពាំងប្រាសាទ បានចំណាយពេលជាច្រើនម៉ោងដេញចាប់ខ្លួនជនសង្ស័យម្នាក់ដែលជំពាក់លុយថ្លៃគោយន្តគេ ហើយដល់ម្ចាស់គេទៅទារលុយ មិនព្រមសងលុយ បែរជាទាញយកគ្រាប់បែកមកគំរាមទៅវិញ។
ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង ៥ ល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រាំប៉ោង ឃុំព្រះប្រទ្បាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ជនសង្ស័យដែលសមត្ថកិច្ចដេញចាប់ទម្រាំបាននេះមានឈ្មោះ មាស សំអាង ភេទប្រុស អាយុ៥០ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់បំណុលរស់នៅឃុំព្រះប្រឡាយ បានទៅផ្ទះជនសង្ស័យដើម្បីទារបំណុលថ្លៃទិញគោយន្តច្រើនខែហើយមិនព្រមសងលុយហើយ នៅពេលនោះក៏បង្កើតទំនាស់ជាពាក្យសម្តីជាមួយគ្នា រហូតជនសង្ស័យទ្រាំលែងបាន ក៏ទាញយកគ្រាប់បែកមួយគ្រាប់ដែលគេលាក់ទុកក្នុងផ្ទះយូរមកហើយដើម្បីគំរាមបោកឲ្យផ្ទុះ ស្លាប់ម្ចាស់បំណុល ។ ពេលឃើញដូច្នេះ ម្ចាស់បំណុលលែងហ៊ានមាត់ក ទើបទៅប្តឹងនគរបាលប៉ុស្តិ៍ព្រះប្រទ្បាយ ឲ្យជួយធ្វើអន្តរាគមន៍ ។បន្ទាប់មកនគរបាលប៉ុស្តិ៍ បានសហការជាមួយនគរបាលស្រុក ចុះទៅផ្ទះជនសង្ស័យហើយពេលនោះជនសង្ស័យហាក់ដឹងខ្លួនទាន់ ក៏រត់គេចពីផ្ទះ តែត្រូវសមត្ថកិច្ចចំណាយពេលច្រើនម៉ោងទើបឃាត់ខ្លួនបាន ព្រមទាំងរឹបអូសបានគ្រាប់បែកដៃមួយគ្រាប់ ដែលជនសង្ស័យរក្សាទុកខុសច្បាប់ផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំជនសង្ស័យខាងលើ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕